• 2018-01-01 22:31:00
  • ជីវិតតារា

សៅ សូត្រទំរង់ពេជ្រ ប្ដេជ្ញា​​លើ​២​ចំណុច​ធំ​ៗ ​ក្រោយ​គ្រង​មកុដ​១​ពី​អន្តរជាតិ

  • 2018-01-01 22:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទទួល​បាន​មកុដ​​ជា​កញ្ញា​ឯក​រង​ទី​៣​ ពី​កម្មវិធី​ប្រកួត​សម្រស់​លក្ខណៈ​អន្តរជាតិ​ "បវរកញ្ញា​សាកលវិទ្យាល័យ""World Miss University"​ ឆ្នាំ​២០១៧ កញ្ញាឯក សៅ សូត្រ​ទំរង់ពេជ្រ ដែល​ធ្លាប់​មាន​សន្ដាន​ចិត្ត​ស្មោះសរ​ជួយ​សង្គម​ បាន​ប្រាប់​ពី​ជំហរ​ធំៗ២​ ​ដែល​ខ្លួន​ត្រូវ​ប្រកាន់​ខ្ជាប់​ និង​សម្រេច​ឲ្យ​បាន​ក្រោយ​ឈរ​លើ​តំណែង​នេះ។ ​​​

១. ជំរុញ និង​លើក​ទឹក​ចិត្ត​ស្រ្តី

ជា​នារី​ម្នាក់​ដែល ​ធ្លាប់​ត្រូវ​បាន​គេ​ទិតៀន​ចំពោះ​សម្រស់​ ទំរង់ពេជ្រ រំលឹក​ថា​ជោគជ័យ​នេះ គឺ​ជា​ការ​បក​ត្រលប់​ទៅ​មនុស្ស​ទាំង​ឡាយ​ដែល​និយាយ​ថា នាង​គ្មាន​ផ្លូវ​នឹង​​ទទួល​បាន​ជយ​លាភី​ទេ បើ​សម្រស់​នាង​មិន​សូវ​ស្អាត តែ​ជា​ចុង​ក្រោយ​នាង​អាច​ធ្វើ​វា​បាន​ជា​មួយ​​លទ្ធផល​លើស​ពី​អ្វី​ដែល​អ្នក​រិះគន់​ទាំង​នោះ​រំពឹង​ទុក​ទៅ​ទៀត។ ​

ទំរង់ពេជ្រ បន្ថែម​ថា៖ "ខ្ញុំ​ចង់​ចែក​រំលែក​បទពិសោធន៍​ទៅ​កាន់​ស្រ្ដី និង​យុវតី​ទាំង​​អស់​ដែល​ធ្លាប់​ប្រទះ​បញ្ហា​នេះ​ថា​ ត្រូវ​តែ​ក្រោយ​ឈរ​ឡើង​ដោយ​រឹង​មាំ ហើយ​តស៊ូ​ដើម្បី​ក្ដី​សុបិន​ និង​អ្វី​ដែល​ខ្លួន​ស្រឡាញ់ ព្រោះ​នៅ​ទី​បញ្ចប់​មាន​តែ​ខ្លួន​ឯង​ទេ​ ដែល​នឹង​រីករាយ ឬ​កើត​ទុក្ខ​​ចំពោះ​វា។ មិន​ថា​លទ្ធផល​ទៅ​យ៉ាង​ម៉េច​​នោះ​ឡើយ វា​ប្រសើរ​ជាង​ការ​ជឿ​លើ​ពាក្យពេចន៍​អវិជ្ជមាន​ទាំង​នោះ ហើយ​បោះ​បង់​ក្ដី​ស្រមៃ​របស់​ខ្លួន​​"​។​

ភ្ជាប់​ជា​មួយ​បទពិសោធន៍​នេះ ម្ចាស់​ចំណាត់​ថ្នាក់​កំពូល​ទី​៤​ក្នុង​ចំណោម​បេក្ខនារី​ ៨៣នាក់​មក​ពី​ជុំវិញ​ពិភពលោក​ក្នុង​កម្មវិធី​ខាង​លើ ​​​ចង់​ឃើញ​ស្រ្តី​ទាំង​អស់​ទទួល​បាន​ការ​អប់រំខ្ពស់​ ដូច្នេះ​នាង​សុំ​ជំរុញ​ឲ្យ​ស្ដ្រី​គ្រប់​រូប​ត្រូវ​ឈរ​ដោយ​ជំហរ​​រឹង​មាំ ​ហើយ​​ពុះពារ​គ្រប់​បែប​យ៉ាង​​ដើម្បី​ទទួល​បាន​ការ​សិក្សា​ខ្ពស់ ព្រោះ​ការ​សិក្សា​អាច​ធ្វើ​ឲ្យ​ជីវិត​ឈាន​ទៅ​រក​ភាព​ល្អ​ប្រសើរ និង​អាច​ផ្លាស់​ប្ដូរ​ជីវិត​ស្ត្រី​ឲ្យ​កាន់​តែ​ថ្កុំថ្កើង​ឡើង។

កញ្ញាឯក​វ័យ​២៣​ឆ្នាំ​សង្កត់​ន័យ​ថា "ស្រ្ដី​​ដែល​មាន​ចំណេះ​ដឹង​ ប្រៀប​ដូចជា​បវរកញ្ញា​គ្រង​មកុដ​ដែល​មាន​ពន្លឺ​ចែង​ចាំ​ងជាង​គេ និង​ភ្លឺ​ថ្លា​ជា​និច្ច​និរន្ត"

២. ជួយ​សង្គម

ដោយ​មាន​ទឹក​ចិត្ត និង​ទម្លាប់​​ចុះ​ជួយ​សហគមន៍​ជា​រឿយៗ​ បវរកញ្ញា​សាកលវិទ្យាល័យ​តំណាង​កម្ពុជា ប្រាប់​ថា ខ្លួន​នៅ​តែ​បន្ត​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ធ្វើ​ការងារ​នេះ។ និស្សិត​​សិក្សា​ផ្នែក​ភាសា​អង់គ្លេសរូប​នេះ នឹង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​កម្មវិធី​សប្បុរសធម៌​ និង​ជួយ​ដល់​កុមារ​ដែល​ត្រូវ​ការ​ចំណេះ​ដឹង​ទាំងឡាយ​តាម​ដែល​អាច​ធ្វើ​បាន។

"ខ្ញុំ​នឹង​បង្កើត​មូលនិធិ​១​ដើម្បី​រៃអង្គាស​ថវិកា ហើយ​សាកលវិទ្យាល័យ​របស់​ខ្ញុំ​ (PUC) នឹង​ជ្រោមជ្រែង​ចំពោះ​គម្រោង​នេះ ហើយ​ប្រហែល​ជាដើម ឬ​ចុង​​ខែ​ក្រោយ​ពួក​យើង​នៅ​ចុះ​ធ្វើ​ការងារ​សហគមន៍​នៅ​គិរីរម្យ។ ខ្ញុំ​នឹង​បង្កើន​សកម្មភាព​ជួយ​សង្គម​ឲ្យ​បាន​ច្រើន ព្រោះ​ខ្ញុំ​ចង់​ឃើញ​សហគមន៍​នានា​មាន​ភាព​ល្អ​ប្រសើរ។ ខ្ញុំ​​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​អាច​ផ្លាស់​ប្រទេស​​យើង​ទាំង​មូល​បាន​ទេ តែ​ហោច​ណាស់​​ខ្ញុំ​អាច​ជួយ​​កែ​ប្រែ​តំបន់​មួយ​ចំនួន​ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន"។

បញ្ជាក់​ជា​ថ្មី​ថា កម្មវិធី​ប្រកួត​សម្រស់​លក្ខណៈ​អន្តរជាតិ​ "បវរកញ្ញា​សាកលវិទ្យាល័យ" ឬ "World Miss University"​ ឆ្នាំ​២០១៧ បាន​ប្រព្រឹត្ត​ចប់​សព្វ​គ្រប់​កាល​ពី​ថ្ងៃ​ទី២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៧ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​​មាន​ស្រី​ស្អាត​​មក​ពី​ប្រមាណ​៨០​ប្រទេស​ចូល​រួម​។

នេះ​ជា​ឆ្នាំ​ទី​២៨​ហើយ ដែល​​កម្មវិធី​បាន​រក​ឃើញ​ម្ចាស់​មកុដ​អាណត្តិ​ថ្មី គឺ​បវរកញ្ញា Claudia Moras Baez មក​ពី​ប្រទេស គុយបា។ សម្រាប់​តំណែង​បវរកញ្ញា​រង​ទី​១​​បាន​ទៅ​លើ​កញ្ញា​ Nina Yevtushenko មក​ពី​អ៊ុយ​ក្រែន ​រង​ទី​២​​បាន​ទៅ​លើ​កញ្ញា Daniela Gods Romanovska ប្រទេស​ឡាតវី ស្រព​ពេល​ដែល​ម្ចាស់​មកុដ​បវរកញ្ញា​រង​ទី​៣​ អម​តំណែង​ Miss Fitness បាន​ទៅ​បវរកញ្ញា​កម្ពុជា​ សៅ សូត្រទំរង់ពេជ្រ និង​ទី​៥បាន​ទៅ Kasia Szklarczyk តំណាង​ប្រទេស​ប៉ូឡូញ។

សម្រាប់​ការ​ប្រកួត​លើ​ទឹក​ដី​ខ្លួន​នេះ កម្ពុជា​មាន​តំណាង​៣​រូប​គឺ បវរកញ្ញា សៅ សូត្រទំរង់ពេជ្រ កញ្ញា ឡាយ ដាលីន និង​ កញ្ញា សំណាង អាលីណា ដែល​​បាន​លើក​ពាន Rosesteem Beauty ផង​ដែរ​​​​៕

អត្ថបទ៖ សុខណា

មតិយោបល់