• 2023-06-07 01:44:32
  • ព័ត៌មាន

ផ្ទុះការជជែកគ្នា ក្រោយអ្នករត់ម៉ូតូឌុបម្នាក់ ថាខ្លួនមានស្នាដៃបទចម្រៀងរាប់រយបទ ពុំមានឱកាសបញ្ចេញតាំងពីជំនាន់លោក ស៊ីន ស៊ីសាមុត

  • 2023-06-07 01:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នុត សារ៉ុម ហៅកវីអនាថា ដែលបច្ចុប្បន្នជាអ្នករត់ម៉ូតូឌុបម្នាក់ រស់នៅ ភូមិចំរើនផល រាជធានីភ្នំពេញ បានធ្វើឲ្យអ្នកស្រឡាញ់វិស័យបទចម្រៀង ជាពិសេសអ្នកអភិរក្សបទមរតកដើមក្នុងទសវត្ស៦០ និង៧០ យកបណ្ដាញសង្គមធ្វើជាវេទិកាជជែកគ្នាអំពីស្នាដៃនិពន្ធ និងរឿងរ៉ាវផ្ទាល់ខ្លួនរបស់បុរសម្នាក់នេះ។

តាមរយៈបទសម្ភាសន៍ដ៏វែងមួយជាមួយសារព័ត៌មានក្នុងស្រុកឈ្មោះ KK TV លោក នុត សារ៉ុម អះអាងថា លោកបានប្រើស្លាប៉ាកកា និងប៊ិក ដើម្បីនិពន្ធបទចម្រៀងដោយខ្លួនឯងបានជាង ៣០០បទ ប៉ុន្ដែពុំដែលមានឱកាសបានបញ្ចេញស្នាដៃទាំងនោះទៅអ្នកចម្រៀងណាម្នាក់បកស្រាយ សូម្បីតែនៅជំនាន់អធិរាជសំឡេងមាស ស៊ីន សាមុត ក៏ពុំមានឱកាស បើទោះបីជាលោកខំស្វែងយ៉ាងណាក្ដី។

លោក នុត សារ៉ុម និយាយថា កាលពីជំនាន់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត រូបលោកផ្ទាល់ក៏មានបំណងបញ្ចេញស្នាដៃខ្លះទៅឲ្យលោកដែរ ប៉ុន្ដែការព្យាយាមចំនួន ៣លើក ទាំងស្កាត់ទៅជួបដល់ផ្ទះដោយផ្ទាល់ក៏មិនបានជួបលោក គឺបានជួបតែអ្នកថែសួន និងមើលថែមាន់ឲ្យលោក ស៊ីន ស៊ីសាមុត។ រីឯ ២លើកទៀត ត្រូវលោកបង្ខំចិត្ដផ្ញើស្នាដៃតាមរយៈអ្នកស្គាល់លោក ស៊ីន ស៊ីសាមុត ប៉ុន្ដែសុទ្ធតែមិនបានដល់ដៃលោក ស៊ីន សាមុត ដើម្បីបកស្រាយនោះទេ។

លោក នុត សារ៉ុម៖ “ពូហ៊ានធានាលើពាក្យសម្ដីរបស់ពូគ្រប់ម៉ាត់ ព្រោះពូនិយាយសុទ្ធតែជាការពិត។ មូលហេតុដែលពូមិនអាចបញ្ចេញស្នាដៃជាច្រើនឆ្នាំក្រោយពី ស៊ីន ស៊ីសាមុត ហ្នឹង គឺមកពីពូមិនបានមើលឃើញថាអ្នកចម្រៀងបច្ចុប្បន្នណាម្នាក់ត្រូវចិត្ដ ហើយសក្ដិសមនឹងច្រៀងបទរបស់លោក ប៉ុន្ដែកាលពីប៉ុន្មានឆ្នាំមុនពូបានឲ្យ ១០បទ free(ឲ្យទទេ) ទៅ សួស សងវិចារ ច្រៀង”។

បើតាមលោក នុត សារ៉ុម សៀវភៅតែងបទចម្រៀង និងកំណាព្យសរុបជាង ៣០០បទ ត្រូវបានលោកជ្រុះបាត់មួយក្បាលកាលលោកទៅលេងព្រំដែនវៀតណាម ច្រកភ្នំឌិន ហើយបច្ចុប្បន្ននៅសល់តែស្នាដៃជាប់ខ្លួនលោកតែជាង ២០០បទ ប៉ុណ្ណោះ។

កវីរូបនេះ បញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ រូបលោកមានវ័យជាង ៧០ឆ្នាំហើយ ហើយលោកក៏ចាប់ផ្ដើមគិតថាបទចម្រៀងដែលជាស្នាដៃរបស់លោកខំបន្ដនិពន្ធតាំងពីជំនាន់ដើមរហូតមកដល់ពេលនេះ ទុកសម្រាប់ច្រៀងខ្លួនឯងក៏ពិបាក ហើយបើទុកយូរទៅទៀតក្លាចកប់ចោល។ ទើបពេលនេះ លោកកំពុងស្វះស្វែងរកអ្នកចម្រៀងដែលសក្ដិសមនឹងទទួលស្នាដៃទាំងនេះ ហើយថ្មីៗលោកក៏ចាប់អារម្មណ៍សំឡេងតារាចម្រៀងប្រុសម្នាក់ ប៉ុន្ដែលោកមិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋានតារាចម្រៀងរូបនោះនៅឡើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់