
- 2017-12-20 00:16:10
- ជីវិតតារា
បើកបង្ហាញប្រវត្តិតស៊ូរបស់អ្នកដឹកនាំរឿងស្រីទាំង៣រូប ដែលទទួលបានឱកាសផលិតរឿងដោយខ្លួនឯង
- 2017-12-20 00:16:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកបង្ហាញប្រវត្តិតស៊ូរបស់អ្នកដឹកនាំរឿងស្រីទាំង៣រូប ដែលទទួលបានឱកាសផលិតរឿងដោយខ្លួនឯង
ចន្លោះមិនឃើញ
ស្រ្តីវ័យក្មេងទាំង៣ ដែលទទួលបានឱកាសផលិតភាពយន្តខ្លីរបស់ខ្លួន ធ្លាប់បានចូលរួមផលិតភាពយន្តជាមួយអ្នកដឹកនាំរឿងជាច្រើនរឿង ព្រមជាមួយភាពជោគជ័យ ដែលបច្ចុប្បន្នអ្នកទាំង៣មានតួនាទីជាសហការីរបស់ផលិតករ ជូ ដាវី ប្រចាំផលិតកម្ម Anti-Archive។
ភាពយន្តដែលអ្នកទាំង៣ធ្លាប់ចូលរួមផលិត និងបង្កើតបានស្នាដៃ មានដូចជារឿង «កោះពេជ្រ» របស់ផលិតករ ជូ ដាវី រឿង «គ្រាប់ពេជ្រ» របស់ផលិតករ សុខ វិសាល ក៏ដូចជារឿងបែបឯកសារ «កុំស្មានបងភ្លេច៖ ខ្មែរបាត់បង់តន្រ្តីរ៉ក់» ជាភាសាបរទេស «Don't Think I've forgotten: Cambodia's lost Rock and Roll» ផលិតដោយ John Pirozzi និងភាពយន្តជាច្រើនទៀត។
ដើម្បីបានស្គាល់អ្នកទាំង៣ Sabay សូមលើកយកប្រវត្តិខ្លះៗ និងបង្ហាញថាសាច់រឿងអ្វីដែលអ្នកទាំង៣ នឹងផលិតក្រោយទទួលបានថវិកាគាំទ្រផលិតភាពយន្តពី Indiegogo ជាង ១៩ ០០០ដុល្លារ តាមរយៈកម្មវិធី «សំឡេងពីអនាគតកាល» ឬ "Echoes from Tomorrow" ក្រោមការរៀបចំរបស់ Anti-archive។
យុវនារី វ័យ២៦ឆ្នាំ កញ្ញា សាន ដាណិច មានស្រុកកំណើតពីខេត្តបាត់ដំបង ដើមឡើយជានិស្សិតបរិញ្ញាប័ត្រផ្នែក Interior Design ពីវិទ្យាស្ថាន SETEC ។ កញ្ញាធ្លាប់ចូលរួមផលិតភាពយន្តខ្លីដូចជារឿង «កង់បី» ជាអ្នកគ្រប់គ្រងការផលិត ឬ ជា Production Manager ដែលកាលពីដើមឆ្នាំ ២០១៤ និស្សិតផ្នែក Interior Design រូបនេះទទួលបានបទពិសោធន៍ក្នុងការគ្រប់គ្រងការផលិតនេះពីក្រុមហ៊ុនមួយដែលធ្វើការផលិតវីដេអូស្ប៉ត់ពាណិជ្ជកម្មខ្លីៗ។ កញ្ញា ដាណិច ប្រាប់ថា៖ «កាលហ្នឹងខ្ញុំ Intern «ហាត់ការ» ក្នុងផលិតកម្មមួយ តាមពិតជាអ្នក ទិញទឹក ទិញបាយ ឱ្យក្រុមការងារផលិតហ្នឹង ហើយចេះតែធ្វើទៅ ព្រោះចង់ចេះចង់ដឹងពីការងារកុនហ្នឹង និយាយទៅគេហៅថាកម្មករកុន»។
ដាណិច បន្តថា មុនដំបូង វាគ្រាន់តែជាការហាត់ការទេ តែដល់ពេលធ្វើវាយូរៗទៅ កញ្ញាក៏ចាប់ផ្តើមចូលចិត្តលើការងារផលិតភាពយន្តកាន់តែខ្លាំង រហូតដល់រៀនចប់ខាង Interior Design ហើយខ្លួននៅតែបន្តការងារផ្នែកផលិតភាពយន្តជាបន្ត ជាពិសេសក្នុងឆ្នាំ ២០១៥ ដែលកញ្ញាបានជួបជាមួយផលិតករ ជូ ដាវី ហើយក៏បានក្លាយខ្លួនជាជំនួយការផ្នែកជ្រើសរើសតួសម្តែង ឬ Casting Assistant។ ក្រោយមកកញ្ញាក៏ក្លាយជាជំនួយការអ្នកគ្រប់គ្រងការផលិត Assistant production manager ក្នុងខ្សែភាពយន្ត «កោះពេជ្រ» ឬ Diamond Island ដែលទទួលជោគជ័យ និងពានរង្វាន់ជាច្រើនលើឆាកអន្តរជាតិក្នុងឆ្នាំ ២០១៦។
នៅក្នុងកម្មវិធី សំឡេងពីអនាគតកាល ឬ Echoes from Tomorrow នេះជាគម្រោងមួយដែលផ្តល់ឱកាសដល់កញ្ញាឱ្យផលិតភាពយន្តខ្លីរបស់ខ្លួនជាលើកដំបូង ហើយត្រៀមផលិតក្នុងដើមឆ្នាំ ២០១៨ នេះ។ ដាណិច ប្រាប់ថា ភាពយន្តនេះជាប្រភេទមនោសញ្ចេតនា និយាយពីអារម្មណ៍ក្នុងដួងចិត្តរបស់កញ្ញា ដោយយកតួអង្គពីរនាក់មករៀបរាប់ក្នុងដំណើរសាច់រឿងមួយ ដែលនឹងថតនៅដងស្ទឹងមួយដ៏ស្រស់ស្អាតមួយ នាខេត្តកំពត។
ផលិតករទី២ ដែលមានឈ្មោះថា ទិត្យ កន្និដ្ឋា វ័យ ៣០ឆ្នាំ ជាកូនអ្នកភ្នំពេញ ហើយដែលមានប្រវត្តិចូលរួមផលិតភាពយន្តឯកសារល្បីៗជាច្រើន ពិសេសភាពយន្តរឿង «Don't Think I've forgotten: Cambodia's lost Rock and Roll» ផលិតដោយ John Pirozzi និងជាតួអង្គឯកក្នុងរឿង «បប់ឆ្វេង បត់ស្តាំ» របស់ផលិតករបរទេស Douglas Seok ហើយក៏ជាភាពយន្តដែលទទួលបានពានរង្វាន់លើឆាកអន្តរជាតិ ជាភាពយន្តបែបឯកសារ និងជីវិតពិត រួមជាមួយសិល្បៈនៃការរាំទៀតផង។
ទិត្យ កន្និដ្ឋា ប្រាប់ Sabay ឱ្យដឹងថា កញ្ញាធ្លាប់តែជួយក្នុងការផលិតភាពយន្តផ្នែកឯកសារជាមួយបរទេស ជាជំនួយការផលិតទី២ ហើយការងារលើការផលិតនេះអ្វីក៏កញ្ញាត្រូវធ្វើដែរ ទាំងការរៀបឆាក ទាំងការរៀបចំតួ ទាំងការសម្តែង កញ្ញា រីករាយនឹងការងារនោះទាំងអស់ដោយឥតលក្ខខណ្ឌ ហើយវាហាក់ដូចជាវិស័យការងារមួយដែលឆក់ចិត្តកញ្ញាជាខ្លាំង ទោះខ្លួនមានជំនាញខាងផ្នែកសិល្បៈសូន្យរូប និងវិស្វករតុបតែងលម្អខាងក្នុង ពីសាលកវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈក៏ដោយ។
ផលិតករទី៣ មានឈ្មោះថា មាស ស្រីលីន ផ្តើមធ្វើការងារក្នុងការផលិតភាពយន្ត តាំងពីឆ្នាំ ២០០៩ ក្នងតួនាទីផ្សេងៗគ្នា ចាប់ពីអ្នកថតក្រៅឆាក រហូតដល់ជាជំនួយការអ្នកដឹកនាំរឿង ដែលអាចនិយាយបានថា ស្ត្រីវ័យ ២៨ឆ្នាំ រូបនេះ ធ្វើការងារគ្រប់ជ្រុង គ្រប់តួនាទីអស់ហើយក្នុងការផលិតកុន នៅខ្វះតែការដឹកនាំសម្តែងក្នុងភាពយន្តរបស់ខ្លួនតែប៉ុណ្ណោះ។ កាលដើមឡើយ អ្នកស្រី ចង់ក្លាយខ្លួនជាអ្នកចម្រៀង ជាតារាបង្ហាញម៉ូដ និងសិល្បករ ហើយក៏ធ្លាប់បានព្យាយាមចូលប្រឡងដែរ តែមិនបានទទួលជោគជ័យដូចចិត្តប្រាថ្នា តែការផលិតភាពយន្តហាក់មាននិស្ស័យជាមួយខ្លួនខ្លាំង។
បន្ទាប់ពីទទួលបានការឧបត្ថម្ភលើការផលិតរឿងខ្លីជាលើកដំបូង តាមរយៈ សំឡេងពីអនាគតកាល ឬ “Echoes from tomorrow” ផលិតករ មាស ស្រីលីន បានប្រាប់ Sabay ឱ្យដឹងថា៖ «ខ្ញុំនឹងផលិតរឿងដែលនិយាយអំពីការចាកចេញពីការពិត ព្រោះថាជួនកាលយើងត្រូវមកប្រឈមនឹងបញ្ហាច្រើនពេក ដែលយើងមិនចង់ប្រឈមនឹងវា ប៉ុន្តែការពិតយើងនៅតែត្រូវមកដោះស្រាយវាវិញ»។ យើងដឹងហើយថាអ្វីគ្រប់យ៉ាងគឺកើតឡើងដោយសារហេតុផលរបស់វាទាំងអស់ ទោះជាអ្នកអាចគេចផុតពីការពិត ឬពិភពពិត តែអ្នកមិនអាចគេចផុតពីការដោះស្រាយវាឡើយ នេះបើតាម អ្នកស្រី មាស ស្រីលីន បង្ហាញពីសារអប់រំនៃសាច់រឿងរបស់ខ្លួន។
បច្ចុប្បន្ន អ្នកដឹកនាំរឿងរូបនេះ កំពុងតែសរសេរអត្ថបទរឿងរបស់ខ្លួន ក្រោយពីទទួលបានជោគជ័យក្នុងរៃអង្គាសថវិកាគ្រប់គ្រាន់ដើម្បីផលិតផលិតភាពយន្តជាលើកដំបូង ហើយក៏ជាការសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងដំណាក់កាលមួយដែលមិនធ្លាប់គិតដល់ និងរង់ចាំឱកាសដ៏ពិសេសនេះ ជាយូរយារណាស់មកហើយដែរ។
ភាពយន្តរបស់ផលិតករ និងអ្នកដឹកនាំ ស្រ្តីវ័យក្មេងទាំង៣រូបនេះនឹងចាប់ផ្តើមផលិតជាបន្តបន្ទាប់គ្នាចាប់ពីដើមឆ្នាំ ២០១៨ នេះ ហើយភាពយន្តទាំង៣ នឹងមានការបង្ហាញខ្លួនម្តងមួយៗ រហូតដល់ចុងឆ្នាំ ២០១៨។ ផលិតករនីមួយៗ សង្ឃឹមថាខ្លួនអាចផលិតភាពយន្តរបស់ខ្លួនឱ្យបានល្អបំផុត ដើម្បីយកភាពយន្តទាំង៣ទៅប្រកួតប្រជែង លើឆាកអន្តរជាតិ ក្នុងនាមជាផលិតករស្រ្តីវ័យក្មេងរបស់កម្ពុជា៕
ចុចអាន៖
-ស្រ្តីខ្មែរវ័យក្មេង៣រូប សម្រេចបំណងក្លាយជាអ្នកដឹកនាំរឿង
-អីយ៉ា! មុខដូចអ្នកប្រដាល់ល្បី តែមានជំនាញផលិតភាពយន្តគំនូរជីវចល និងប្រវត្តិកម្សត់ខ្លាំង