• 2015-07-11 09:53:04
  • ជីវិតតារា
ស្ដាប់ តា​ចេក រៀបរាប់​ជីវិត​លក់​ភេសជ្ជៈ​តាម​ផ្លូវ​ចំណេញ​បាន ៧០០០ រៀល​ក្នុង​មួយ​ថ្ងៃ ស្ដាប់ តា​ចេក រៀបរាប់​ជីវិត​លក់​ភេសជ្ជៈ​តាម​ផ្លូវ​ចំណេញ​បាន ៧០០០ រៀល​ក...
  • 2015-07-11 09:53:04
  • ជីវិតតារា

រូបភាព​ប៉ុន្មាន​សន្លឹក​របស់ តា​ចេក ជា​តារា​កំប្លែង​ក្នុង​ក្រុម​នាយ​កុយ​ដែល​កំពុង​តែ​លក់​ទឹក​សុទ្ធ​ត្រូវ​បាន​អ្នក​លេង Facebook ជាច្រើន​បាន​ចែករំលែក​បន្ត និង​សរសេរ​រៀបរាប់​ថា"ជីវិត​ពិត​របស់​លោក​តា​ចេក!!! មិត្ត​ទាំងអស់​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២..ហួស​រង្វង់​មូល​គួរ​ស្រូវ​ប្រមាណ​១០០​ម៉ែត្រ​នៅ​ខាង​ស្ដាំដៃ ខាង​មុខ​រោងចក្រ សូម​ជួយ​ទិញ​ភេសជ្ជៈ​គាត់​ផង"។     តា​ចេក បាន​និយាយ​មក​កាន់ Sabay ថា"នេះ​របរ​ប្រចាំថ្ងៃ​របស់​ខ្ញុំ​បន្ទាប់ពី​លេង​កំប្លែង​ដែល​អាច​ចំណេញ​បាន​ពី ៧០០០ ទៅ ១០ ០០០ រៀល​ក្នុង​មួយ​ថ្ងៃ។ ដើម្បី​ទប់ទល់​នឹង​ជីវភាព​ក្រ​ខ្សត់​ខ្ញុំ​ត្រូវ​តែ​ធ្វើ ព្រោះ​ការ​កំប្លែង​បាន​តែ​ពីរ​ថ្ងៃ​ទេ​ក្នុង​មួយ​សប្ដាហ៍ ហើយ​ចំណូល​នេះ​ទៀត​សោត​បាន​មក​មិន​សូវ​ជាច្រើន​នោះ​ទេ។”   លោក​បាន​បន្ត​ទៀត​ថា "បើ​មិន​ធ្វើ​ចឹង​ម៉េច​អាច​រស់​បាន ព្រោះ​គ្មាន​លុយ​កាក់​នឹង​គេ​ទេ ហើយ​រាល់ថ្ងៃ​ត្រូវ​ចិញ្ចឹម​ម្ដាយ​ចាស់ជរា​អាយុ​ជាង ៨០ ឆ្នាំ កូន​ស្រី​ៗ​នៅ​រៀន​ព្រោះ​មិន​ចង់​ឈប់​ដោយ​សង្ឃឹម​ថា​ពេល​រៀន​បាន​ខ្ពង់ខ្ពស់​អាច​រក​ការងារ​បាន​ល្អ ណា​មួយ​ឥឡូវ​ប្រពន្ធ​ឈឺ​ច្រើន​មុខ លើស​ឈាម ឈាម​ស​ស៊ី​ឈាម​ក្រហម ខ្លាញ់​ក្នុង​បេះដូង​ផង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ចឹង​ហើយ​អ្វី​ទាំងអស់​ខ្ញុំ​ជា​អ្នក​រ៉ាប់រង។”     តារា​កំប្លែង​អាយុ ៦០ ឆ្នាំ រូប​នោះ​បាន​បន្ថែម​ថា​អ្វី​ដែល​ធ្វើឲ្យ​លោក​រឹតតែ​ពិបាក​នោះ​គឺ​ត្រូវ​ជំពាក់​លុយ​គេ​ទៀត ព្រោះ​លោក​គ្មាន​លុយ​ដើម្បី​ទិញ​ដី និង​ផ្ទះ។   លោក​បន្ត​ដោយ​សំឡេង​កម្សត់​ទៀត​ថា "ពី​មុន​ខ្ញុំ​ក៏​ធ្លាប់​មាន​កូន​ឡាន​មួយ​ដែរ តែ​ពេល​កូន​ការ​រួច​គ្មាន​អ្វី​ចែក​ឲ្យ មាន​តែ​លក់​ឡាន​ដើម្បី​ទិញ​ផ្ទះ​ឲ្យ​កូន​ប៉ុណ្ណោះ តែ​ឥឡូវ​សូម្បី​តែ​ម៉ូតូ​ក៏​គ្មាន​ជិះ​ដែរ ព្រោះ​លក់​យក​លុយ​ទៅ​បង់​ការ​ប្រាក់​អស់​ហើយ រាល់​អាទិត្យ​ពេល​ទៅ​ភ្នំពេញ​ម្ដង​ៗ​ត្រូវ​ខ្ចី​ម៉ូតូ​ក្មួយ​ជិះ​ទេ។ការ​លក់​ដូរ​នេះ​ខ្ញុំ​ក៏​គ្មាន​ការ​ខ្មាសអៀន​អ្វី​ដែរ ព្រោះ​ក្រពះ​ត្រូវការ​ហូប ហើយ​បើ​លើកដៃ​សុំ​គេ វា​ជា​រឿង​មិន​សមរម្យ​ទេ​ចំពោះ​ខ្ញុំ”     តារា​កំប្លែង​សម្ដី​មិន​ចេះ​រីងស្ងួត​បាន​បញ្ជាក់​ថា​ក្នុង​មួយ​ខែ​ៗ លោក​អាច​រក​បាន​ជាង ៤០០ ដុល្លារ ហើយ​បើ​ដល់​រដូវ​ការ​វិញ​លោក​ថា​បាន​ប្រហែល​ជាង ១០០០ ដុល្លារ​ក៏​មាន​ដែរ តែ​នៅ​មិន​សល់​ដដែល​ព្រោះ​លុយ​ខ្ចី​គេ​នឹង​ការប្រាក់​ច្រើន​ខ្ពស់​ពេក។   តា​ចេក បាន​សំណូមពរ​ដល​ទស្សនិកជន​ថា"បើ​បាន​ឆ្លងកាត់​ផ្លូវជាតិ​លេខ២ កុំ​ភ្លេច​ចុះ​ជួយ​ទិញ​ភេសជ្ជៈ​ខ្ញុំ​ផង ព្រោះ​មិន​ចង់​លើក​ដៃ​សូម​ប្រាក់​ពី​គេ​ទេ មាន​តែ​លក់​ដូរ​នេះ​ហើយ"។   តា​ចេក ក៏​ជា​មន្ត្រីរាជការ​ចូល​និវត្តន៍​មួយ​រូប​ដែរ ហើយ​រាល់ថ្ងៃ​លោក​មិន​ត្រឹមតែ​ចិញ្ចឹម​កូន​ទេ ថែម​ទាំង​ចិញ្ចឹម​ក្មួយ ពីរ បី​នាក់​ថែម​ទៀត៕   អត្ថបទ៖ទ្រី រ៉ាវី