• 2018-10-31 20:20:30
  • ព័ត៌មាន

ប៊ុត សីហា ល្បី​ចូល​ ថោន ម្ដង​ហើយ​ម្ដង​ទៀត ឥឡូវ​ថ្នាក់​ដឹកនាំ​ផលិតកម្ម​ស្រាយ​បញ្ជាក់​ហើយ

  • 2018-10-31 20:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្រើន​ខែ​មក​ហើយ ប៊ុត សីហា ដែល​បច្ចុប្បន្ន​ជា​តារា​ចម្រៀង​ឯករាជ្យ ល្បី​ចូល​រួម​ជាមួយ​ផលិតកម្ម​ថោន ម្ដង​ហើយ​ម្ដង​ទៀត តាំង​ពី​ចាក​ចេញ​ពី​ហង្សមាស​មក។ ឥឡូវ​នេះ មាន​ការ​ស្រាយ​បញ្ជាក់​ពី​ថ្នាក់​ដឹកនាំ​ផលិតកម្ម ថោន ហើយ។

លោក មាស សុខ​រតនៈ អ្នក​ចាត់​ការ​ទូទៅ​ផលិត​កម្ម ថោន បាន​ឆ្លើយ​ប្រាប់ Sabay រសៀល​ម្សិលមិញ​ថា គិត​ត្រឹម​ថ្ងៃ​នេះ មិន​មាន​ស្រមោល ប៊ុត សីហា នៅ​ក្នុង​ផលិតកម្ម ថោន នោះ​ទេ។ បន្ថែម​ពី​លើ​នេះ បទ​ចម្រៀង​ណា​មួយ ដែល​ផលិតកម្ម​ធ្វើ​ត្រៀម​ការ​មក​ដល់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ស្ពឺ ក៏​មិន​ទាន់​មាន​ដែរ។

ការ​ឆ្លើយ​បែប​នេះ គឺ​ខុស​ពី​ព័ត៌មាន​ដែល​ធ្លាយ​ចេញ និង​ត្រូវ​រាយការណ៍​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​នានា​ដែល​ថា អតីត​ជយលាភី​លេខ​១ The Voice Cambodia រដូវ​កាល​ទី​១ នឹង​ចូល​រួម​ជាមួយ​ផលិតកម្ម​របស់​ឯកឧត្ដម វ៉ា សុធា។ ព័ត៌មាន​នេះ ធ្លាយ​ចេញ​តាំង​ពី​ដើម​ឆ្នាំ ដោយ​ឡែក​ថ្មី​ៗ​នេះ​ទៀត មាន​ព័ត៌មាន​ទៀត​ថា សីហា នៅ​តែ​ចូល​រួម​ជា​មួយ ថោន ត្បិត​ថា​ឥឡូវ​មិន​ទាន់​ឃើញ​ដាន​ជើង​តារា​ចម្រៀង​ទៅ​ក្នុង​ផលិតកម្ម​ក៏​​មែន ប៉ុន្តែ​ដោយ​សារ​ត្រូវ​ពន្យារ​ពេល​ប៉ុណ្ណោះ។

យ៉ាង​នេះ​ក្ដី លោក មាស សុខ​រតនៈ ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ នៅ​តែ​អះអាង​ថា លោក​មិន​បាន​ដឹង​ពី​រឿង​អស់​នោះ​ទេ។ លោក​លើក​ឡើង​យ៉ាង​ខ្លី​ថា "សារព័ត៌មាន​ជា​អ្នក​និយាយ មិន​មែន​ថ្នាក់​ដឹកនាំ​ផលិតកម្ម អ្នក​និយាយ​ឯណា!”។ អ្នក​ចាត់​ការ​ដដែល បន្ត​ថា ផលិតកម្ម​ក៏​មិន​ទាន់​មាន​នយោបាយ​បន្ថែម​សិល្បករ​ដែរ ត្បិត​បច្ចុប្បន្ន តារា​ចម្រៀង​ផលិតកម្ម​មាន​ច្រើន​ហើយ។

យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា ទៅ​ថ្ងៃ​មុខ​ទៀត​យ៉ាង​ណា លោក​មិន​អាច​និយាយ​មុន​បាន គ្រាន់​តែ​ត្រឹម​ពេល​នេះ គឺ​មិន​មាន​គោល​ការណ៍​បែប​នោះ​ទេ។ ចំពោះ​ករណី ប៊ុត សីហា ដដែល លោក​ថា លោក​និយាយ​នូវ​អ្វី​ដែល​លោក​ដឹង និង​ទទួល​បាន​គិត​ត្រឹម​ពេល​នេះ ប៉ុន្តែ​រឿង​នា​ពេល​ខាង​មុខ មិន​ទាន់​អាច​និយាយ​បាន។ ម្យ៉ាង ការ​នាំ​ចូល​តារា​ចម្រៀង​បន្ថែម ជា​កាតព្វកិច្ច​ធំ​របស់​ថ្នាក់​លើ​លោក​ទៀត គ្រាន់​តែ​ថា ត្រឹម​នេះ​ពេល លោក​មិន​ទទួល​បាន​ដំណឹង​អ្វី​លើ​ករណី​ប៊ុត សីហា ឡើយ។

ប៊ុត សីហា ត្រូវ​បាន​ហង្សមាស​រុញ​ចេញ ក្រោយ​មាន​រឿង​ពាក់​ព័ន្ធ​នឹង​គ្រឿង​យ៉ាង​ចម្រូងចម្រាស​កាល​ពី​ចុង​ឆ្នាំ ២០១៧។ មក​ទល់​បច្ចុប្បន្ន​លោក នៅ​ជា​តារា​ចម្រៀង​ឯករាជ្យ ធ្វើ​បទ​ខ្លួន​ឯង ច្រៀង និង​ផ្សព្វផ្សាយ​ខ្លួន​ឯង។ យ៉ាង​នេះ​ក្ដី មាន​បទ​ចម្រៀង​ថ្មី​លោក​ជា​ច្រើន​ទទួល​បាន​ការ​ពេញ​និយម ពិសេស​បទ "យើង​លែង​ជា​ស្នេហា​ទៀត​ហើយ" ដែល​ទើប​នឹង​ចេញ និង​បទ "គ្មាន​អ្នក​ណា​កែ​ចិត្ត​បង​ទេ" ដែល​គិត​ត្រឹម​ថ្ងៃ​នេះ មាន​អ្នក​ចូល​ស្ដាប់​លើ Youtube ១៥លាន​ដង​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់