• 2020-02-03 20:00:00
  • ព័ត៌មាន

ទើប​ដឹង បញ្ញា សិទ្ធ កូន​កាត់​ឡាវ ហើយ​ថែម​ទាំង​កាត់​ជនជាតិ​អំបូរ​មួយ​ទៀត​ដែល​សំបូរ​នៅ​ប៉ៃលិន

  • 2020-02-03 20:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ ទើប​ធ្លាយ​ថា លោក បញ្ញា សិទ្ធ ដែល​បច្ចុប្បន្ន​ជា​តារា​ចម្រៀង និង​សម្ដែង​នោះ​មាន​ប្រវត្តិ​ជា​កូន​កាត់​ឡាវ និង​ថែម​កាត់​ជនជាតិ​ដើម​មួយ​ទៀត​ដែល​សំបូរ​បំផុត​នា​ទឹក​ដី​ត្បូង​ពេជ្រ គឺ​ខេត្ត​ប៉ៃលិន​របស់​យើង។

នេះ​សំដៅ​ដល់​ជនជាតិ "កូឡា" ជា​​ជនជាតិ​ដែល​បាន​បន្សល់​កេរ្តិ៍​ដំណែល​មួយ​ចំនួន​នៅ​លើ​ទឹក​ដី​ខេត្ត​ប៉ៃលិន ហើយ​បើ​តាម​ប្រភព​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា តារា​ប្រុស​សាច់​ស​ខ្ចី​ដូច​នារី​ក្រមុំ បញ្ញា សិទ្ធ គឺ​ជា​សែ​ស្រឡាយ​ជនជាតិ​ដែល​មក​ទល់​បច្ចុប្បន្ន​បាន​បាត់​វត្តមាន​ពី​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​យើង​ទៅ​ហើយ។

ជុំវិញ​បញ្ហា​នេះ សាមី​​ខ្លួន​បាន ប្រាប់​ថា ការ​ពិត​គឺ​លោក​មាន​ជាប់​សែ​ស្រឡាយ​ជន​ជាតិ កូឡា នេះ​ពិត​មែន គឺ​កាត់​តាម​រយៈ​ខ្សែ​របស់​លោក​យាយ​លោក។ បញ្ញា សិទ្ធ ថ្លែង​ថា "បាទ​បង ខ្ញុំ​ជា​កូន​កាត់​ឡាវ ហើយ​ក៏​កាត់​កូឡា​ដែរ...យី​ហើយ​ម៉េច​បង​ឯង​ដឹង ខ្ញុំ​មិន​ដែល​និយាយ​រឿង​នេះ​ឲ្យ​នរណា​ដឹង​ផង"។

តារា​ប្រុស​បាន​បញ្ជាក់​ទៀត​ថា អ្នក​មាន​គុណ​របស់​លោក​ទាំង​ពីរ គឺ​ម្ដាយ​ជា​ជនជាតិ​ខ្មែរ ដោយ​លោក​ឪពុក គឺ​ជា​ជនជាតិ​ឡាវ។ ដូច្នេះ​ហើយ លោក​គឺ​ជា​កូន​កាត់​ខ្មែរ-ឡាវ ហើយ​លោក​ឧស្សាហ៍​ឡើង​ចុះ​ទៅ​លេង​ប្រទេស​កំណើត​របស់​លោក​ឪពុក​ផង​ដែរ ក្នុង​នោះ លោក​អាច​និយាយ​ភាសា​ឡាវ​បាន​តិច​តួច​ដែរ។

បើ​ទោះ​មាន​ជាប់​សែ​ស្រឡាយ "កូឡា" ប៉ុន្តែ បញ្ញា សិទ្ធ បញ្ជាក់​ថា លោក​មិន​សូវ​បាន​ដឹង​ពី​ប្រវត្តិ​ស៊ី​ជម្រៅ​អំពី​ដើម​កំណើត​ដូនតា​របស់​លោក​នោះ​ទេ។ ប៉ុន្តែ​លោក​គ្រាន់​តែ​ដឹង​ថា ពី​ដើម​ឡើយ "កូឡា" មាន​ច្រើន​លើស​លប់​នៅ​ខេត្ត​ជាយដែន​ប្រទេស​មួយ​នេះ។

ប្រវត្តិ​ទាក់​ទង​នឹង​ជនជាតិ "កូឡា" តាម​គេហទំព័រ វិគី​ជា​ភាសា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា "កូឡា" គឺ​​ជា​ជនជាតិ​ដែល​រស់​នៅ​ភាគ​ខាង​កើត​ខេត្ត​ប៉ៃលិន ក្នុង​នោះ​កេរ្តិ៍​ដំណែល​សំខាន់​របស់ជនជាតិ​នេះ​លើ​ទឹក​​ដី​របស់​ខ្មែរ គឺ​ អង្គចូឡាមណី​ចេតិយ​ដ៏​ធំ​ ឬ​ហៅ​ថា​ចេតិយ​ភ្នំយ៉ាត​។

ចេតិយ​នេះ បើ​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១៤ ដោយ Everyday.com គឺ​មាន​បាត​ប្រវែង​១៦​ម៉ែត្រ​គុណ​នឹង​កម្ពស់​២៧​ម៉ែត្រ កសាង​នៅ​ក្នុង​សតវត្ស​ទី ១៩ ដើម្បី​ដាក់​ព្រះ​សារី​រិក​ធាតុ​របស់​ព្រះ​សមណ​គោតម​ ។

អត្តសញ្ញាណ​របស់​ជនជាតិ​នេះ គឺ​គេ​សម្គាល់​តាម​រយៈ "តាំង​យូរ" (មាន​រូប​រាង និង​តួនាទី​ដូច​ឆត្រ) ដែល​មាន​នៅ សង្កាត់បយ៉ាខា មានភូមិ បយ៉ាខា បតាំង​ស៊ូ បហ៊ុយ បហ៊ុយជើង បហ៊ុយ​ត្បូង។ នៅ​ឯ​សង្កាត់​ប៉ៃលិន វិញ​ មាន​ភូមិបរឌិននៀវ អូរ​តាពុក​លើ អូរ​តាពុក​ក្រោម ប៉ាហ៊ីជើង និង​ប៉ាហ៊ីត្បូង ព្រម​ទាំង អូរតាប្រាង៕

អត្ថបទ៖ ទារិកា

មតិយោបល់