/Kumnith-Ent/Ent/643114314a1cc_1680937980_medium.jpg)
- 2023-04-08 00:17:53
- ព័ត៌មាន
អតីតតារាសម្ដែង ស៊ីនឌី រំលឹកកូនកំលោះកូនក្រមុំ ចាប់អារម្មណ៍នឹងពិធីសំខាន់១ក្នុងថ្ងៃមង្គលពួកគេ!
- 2023-04-08 00:17:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតតារាសម្ដែង ស៊ីនឌី រំលឹកកូនកំលោះកូនក្រមុំ ចាប់អារម្មណ៍នឹងពិធីសំខាន់១ក្នុងថ្ងៃមង្គលពួកគេ!
ចន្លោះមិនឃើញ
អតីតតារាសម្ដែង លោក ស៊ីនឌី ដែលបច្ចុប្បន្នកំពុងជោគជ័យលើហាងធ្វើសក់ សម្អាងការនោះ ថ្មីៗនេះ បានសរសេរក្រើនរំលឹកកូនកំលោះកូនក្រមុំ អំពីពិធីសំខាន់មួយ ដែលមានមិនអាចរំលងបានក្នុងថ្ងៃមង្គលរបស់ពួកគេ។
ថ្មីៗនេះ នៅលើហ្វេសបុករបស់ខ្លួន ស៊ីនឌី (CindyHair) បានបង្ហោះសំណេរអំពីប្រពៃណីខ្មែរ ដែលលោកថា ប្រជាជនខ្មែរគ្រប់រូបគួរយល់ដឹងឲ្យកាន់តែច្បាស់អំពី ការរៀបអាពាហ៍ ពិពាហ៍ឲ្យត្រូវតាមក្បួនខ្នាត ដោយលោកអះអាងថាពិធីអាពាហ៍ពិពាហ៍ ឬអាវាហៈវិវាហមង្គល គឺជាកេរ្ដិ៍តំណែល ព្រមទាំងជាទំនៀមខ្មែរដ៍ប្រពៃ នៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយគ្រប់ៗរូប។
នៅក្នុងពិធីនោះ មានពិធីនានាត្រូវបានចងក្រង ក៏ដូចជាបដិបត្តិលើកតម្កើងដោយមិនអាចរំលងបាន ព្រោះជាពិធីដ៏មានសារៈសំខាន់ដើម្បីនាំមកនូវសុខសិរីវិបុល សុភមង្គល រុងរឿងចម្រុងចម្រើនសម្បូរណ៍សប្បាយ និងតេជោនុភាពនៃគូស្វាមីភរិយាថ្មោងថ្មីនេះ ។
សំដៅដល់ពិធីសំពះផ្ទឹម លោកថា នេះជាពិធីដ៏មានសារសំខាន់មួយក្នុងពិធីអាពាហ៍ពិពាហ៍ ឬ អាវាហៈវិវាហមង្គល។ បន្ថែមទម្ងន់លើរឿងនេះ អតីតតារាសម្ដែង លើកយកបទបង្ហាញរបស់លោកស្រី មឿង សាវី មន្រ្តីរាជការ នៃនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកចែកជូនដល់បងប្អូននិងយុវវ័យឲ្យបានជាចំណេះដឹងផងដែរ។
តាមលោកស្រី មឿង សាវី បានមានប្រសាសន៍ថា សំលៀកបំពាក់ប្រពៃណីនៃពិធីមង្គលការ និងពិធីសំពះផ្ទឹម ជាពិធីដ៍សំខាន់មួយក្នុងកិច្ចមង្គលការ ដែលប្រជាពលរដ្ឋខ្មែរមិនអាចមើលរំលង ឬកាត់កម្មវិធីនេះចោលបានឡើយ ព្រោះជាទំនៀមទំលាប់របស់ប្រជាជនខ្មែរតាំងពីការចាប់ផ្ដើមក៍កើតទឹកដីមកម្ល៉េះ។
ជាមួយគ្នា លោកបានធ្វើបទបង្ហាញអំពីទិដ្ឋភាពនៃពិធីសំខាន់នេះថា ឈុតសម្លៀកបំពាក់សំពះផ្ទឹមគេរមែងឃើញកូនក្រមុំស្លៀកសំពត់សំឡុយ និងរំខ្លួនដោយស្បៃ ឬគេហៅថាភួយនាសម័យមុន ព្រមទាំងមានការរំលេចក្បូរក្បាច់រចនាលើស្បែក ដោយសិល្បៈច្នៃប្រឌិតរបស់អ្នកតំឡើងឲ្យមានសោភ័ណ្ឌភាពនិងប្រណិតភាព។ចំពោះការប្រើប្រាស់ស្បៃរបស់កូនក្រមុំ គឺមានលក្ខណៈខុសពីស្បៃធម្មតា ឬស្បៃរបាំ។
តាមទំនៀមខ្មែរគេតែងប្រើស្បៃនេះរំលើខ្លួនរបស់កូនក្រមុំដែលព័ទ្ធឆៀងលើខ្លួនពីស្ដាំគងលើស្មាឆ្វេង រួចទម្លាក់ចុះមកត្រឹមកណ្ដាលភ្លៅ។ចំណែកប្រភេទខ្សែឆៀងមានដូចជាផ្កាដូង សំបុកអង្រ្កង កន្ទុយកណ្ដុរ សង្វាក់ស្វាន ឆ្អឹងពស់ ច្រវាក់ឆាប ផ្ការំដួល និងផ្កា១០០ ជាដើម។ពីសម័យដើមគេរៀបចំនួនខ្សែឆៀងទៅតាមឋានៈរបស់បុគ្គលជំនាន់មុន តែសម័យឥឡូវគេមិនសូវកំណត់ទេ តែគេអាចប្រើបានទូទៅដែលភាគច្រើនគេប្រើ៥ខ្សែ ៧ខ្សែ ឬ៩ខ្សែ ទៅតាម អ្នកនិយមប្រើ ។
ចំណែកក្រណាត់សំពត់វិញ គឺគេនិយមប្រើដូចជាសំពត់ចរបាប់ សំពត់ហូល សំពត់ផាមួង សំពត់អន្លួញ សំពត់ធៀន ជាដើម។ការស្លៀកជាសំពត់ខ្មែរយើងក៍មានខ្នាត និងប្រវែងច្បាស់លាស់ដែរ ហើយជាធម្មតាការស្លៀកនេះគឺគេគិតចាប់ពីត្រឹមផ្ចិតនៃដងខ្លួនរបស់យើងចុះមកជិតលើភ្នែកគោល ប្រហែលពាក់កណ្ដាលម្រាមដៃចង្អុល និងគិតពីភ្លីសំពត់ផ្នែកខាងមុខបត់ភ្លី៣ធ្នាប់ដៃចំនួន៧ ហើយផ្លិតសពត់សៀតចង្កេះ គឺយើងបត់ទៅតាមទំហ៊ុំនៃចង្កេះកូនក្រមុំ ហើយភ្លឺសំពត់គឺយើងអាចចាប់ភ្លឺ២ ឬ៣ ទៅតាមអ្នកនិយមស្លៀក។
ចំណែកគ្រឿងអលង្ការលើខ្លួនកូនក្រមុំគឺយើងគិតពីលើសក់ដល់ជើង ដែលជាធម្មតា ការតែងលំអរ លើសក់កូនក្រមុំ គឺគេនិយមប្រើម្កុដ ឬរចនាត្រចៀក បន្ទាប់មកគឺគេពាក់ខ្សែក ឬជី និងមានពាក់ឆៀងចំហៀងពីលើស្បែ ។
ចំណែកប្រភេទគ្រឿងអង្ការបំពាក់តាមដៃគឺមានឈ្មោះថាបានផាប់គឺមានតែខាងស្ដាំតែប៉ុណ្ណោះ ហើយគ្រឿងពាក់កដៃមានទាំងពីរគឺរាប់ពីទៅលើមានដូចជាស្លឹកទេស ឬសន្លឹកទេស ជញ្ជៀនក្រងឬវ៉ែនប្រដប់ ក្រវិលដៃ កន្ទ្រុំ២ជុំ និងកងរាក់ ។ចំណែកឯក្រវិលកូក្រមុំក៍មានរំលេចទៅដោយត្បូងបុរាណខ្មែរយើងដែរ ដែលខ្មែរហៅថាពេជ្រចំហៀង និងត្បូងប៊ុតជាត្បូងបុរាណសម្រាប់លំអរ លើគ្រឿងអលង្កាកូនក្រមុំ។
រីឯគ្រឿងពាក់លើកជើងមានដូចជាកងជើង ឬកងទងឈូក ក្រវិលជើង ឬក្រវិលទ្រកង ខណៈដែលការប្រើប្រាស់ព័ណសម្លៀកបំពាក់ក៍គេប្រើទៅតាមកម្មវិធីដែរ។លោកស្រី មឿង សាវី សង្កត់ថាការស្លៀកសម្លៀកបំពាក់ប្រពៃណីឲ្យបានត្រឹមត្រូវក៍ជាការរួមចំណែកក្នុងការថែរក្សាវប្បធម៌ ប្រពៃណីដូនតាខ្មែរ និងជួយលើកកម្ពស់តម្លៃជាតិសាសន៍របស់ខ្លួនឲ្យកាន់តែមានតម្លៃ និងមានវិសាលភាពទូលំទូលាយល្អដល់មនុស្សជំនាន់ក្រោយនៃសង្គមខ្មែរផងដែរ។
លោកស្រីសង្ឃឹមថាបទបង្ហាញខាងលើនេះជាឯកសារដ៍សំខាន់សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយយល់ដឹងពីអត្តសញ្ញាណជាតិរបស់យើងទាំងអស់គ្នា។ទាក់ទងនៃសំលៀកបំពាក់ និងអលង្ការសម្រាប់ប្រើប្រាស់ក្នុងពិធីនេះ លោកស៊ីនឌី ប្រាប់ថា ហាងសម្អាងការរបស់លោក មានគ្រប់សព្វទាំងអស់ឲ្យជាសម្បត្តិរបស់ខ្មែរ ព្រោះថា មូលហេតុដែលលោកសម្រេចចិត្តបើកហាងសម្អាងការនេះ ព្រោះតែលោកចង់អភិរក្សឈុតបុរណខ្មែរ និងគ្រឿងអលង្ការបុរាណឲ្យបានគង់វង្សទុកសម្រាប់កូនខ្មែរជំនាន់ក្រោយឲ្យបានដឹង និងស្គាល់ពីអ្វីជារបស់ខ្មែរនោះឯង៕