
- 2017-04-19 02:11:48
- ភាពយន្ត
៦ សន្លឹកផ្ទៀងផ្ទាត់ឈុត កេន្នី សុំបែក សេនី
- 2017-04-19 02:11:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ សន្លឹកផ្ទៀងផ្ទាត់ឈុត កេន្នី សុំបែក សេនី
ចន្លោះមិនឃើញ
អ្នកគាំទ្រប្រលោមលោករឿង "មន្តស្នេហ៍លេខា" នឹងបានទស្សនាបានរឿងនេះ ជាវីដែអូភាគ និងភាពយន្តក្នុងពេលឆាប់ៗនេះហើយ។ មុននឹងទស្សនាជាវីដេអូ Sabay ចង់នាំអារម្មណ៍ប្រិយមិត្តមកអានរឿង ហើយផ្ទៀងផ្ទាត់សកម្មភាពសម្ដែងត្រង់ឈុតមួយដែល កេន្នី សុំបែក សេនី បន្តិចមើលតើគួរឲ្យគួរឲ្យទាក់ទាញបែបណា?
សេនី ខាំមាត់ដើរទៅរកស្រីស្រស់ដែលរាំតិចៗ ហាក់ស្រវឹងទន់ស្រឿងៗ គាប់ជួនបុរសម្នាក់នៅក្បែរនាងអោនមកញញឹមខ្សឹប ធ្វើអោយចិត្តអ្នកដែលទើបនឹងមកដល់នេះឡើងភ្លើងកម្ដៅ។ «ទៅផ្ទះបាននៅ?» សម្លេងគេនិយាយល្មមៗ តែអាចជម្នះស្នូរតន្ត្រីក្បែរត្រចៀកនាងបាន។ កេន្នីងាកមកវឹង។
មនុស្សស្គាល់គ្នាយូរយ៉ាងនេះ ឃើញតែមុខគេ ក៏ដឹងថាគេកំពុងគិតយ៉ាងណាដែរ។ តាមថា នាងខឹងគេណាស់ មិនចង់សូម្បីតែឃើញមុខ កុំថាឡើយនិយាយតបជាមួយ តែពេលនេះគឺផ្សេងៗ។ ភ្នែកគេទំាងទ្វេ កំពុងបង្ហាញអណ្ដាតភ្លើងប្រចណ្ឌ ហើយសម្លក់នាង ។ មិត្តនាងខំញញឹមមករក សេនី ព្រោះមិនដឹងរឿង ហើយក៏និយាយគួរសម៖ «អ្នកណាហ្នឹង កេន្នី? ធ្វើការជាមួយគ្នា?»
កេន្នីបញ្ឈប់ចលនារាំ ស្របពេលសេនីសើចស្ងួតងាកទៅរកមិត្តនាងយ៉ាងឆ្មើងកន្ត្រើងហើយនិយាយតបមួយៗ៖ «មិត្តរួមគ្រែ!» កេន្នីបើកភ្នែកធំៗដែលវាចាអន់របៀបនេះក៏គេនិយាយចេញមកបាននៅទីសាធារណៈ។ នាងសម្លឹងទៅមិត្តនាងដែលភន្ត័ភាំងហើយងាកមករកសេនីដែលបៀមស្ករកៅស៊ូញ៉ាច់ៗបញ្ឈឺនាង។ ពន្លឺភ្នែកនាងហាក់ចង់ប្រាប់គេថា តើគេនិយាយនេះចង់យ៉ាងណា រឺគេចង់បានការអាម៉ាសនៅកណ្តាលហ្វូងនេះ នាងនឹងអោយគេសមតាមបំណង។
សេនីឃើញនាងខឹងគេកាន់តែក្តៅចិត្តទ្វេរឡើងព្រោះយល់ថាគេនិយាយនេះធ្វើអាយនាងបាត់ ឱកាសទាក់ទងប្រុសៗ។ លោកនាយកព្រាននារីលូកដៃមកចាប់កដៃស្រីលេខាដែលនៅភាំងៗអូសចេញតម្រង់ក្រៅក្លឹប។ «ឈឺណា៎សេនី!លែងដៃ!» ភាគីខាងប្រុសមិនខ្ចីងាកមកអាណិតនាងដែលត្រូវអូសទៅទំាងស្បែកជើងកែងចោតកម្រាស់ពីរតឹកនោះទេ។
គេសង្គ្រឺតធ្មេញនិយាយតិចៗ៖ «ល្អហើយដែលមិនស៊ីកំផ្លៀងនៅមុខពួកអាចោលម្សៀតអស់នេះ!» «សាកមើលទៅ!» នាងតបផងរលាស់ដៃគេទាំងក្ដៅចិត្តផង។គេឃើញនាងមិនញិនរឹតតែអូសលឿនរហូតដល់ឡាន ធ្វើអោយអ្នកផងតាមមើលគ្រប់គ្នាជឿថានេះជាកូនអ្នកមានដែលដើរហើរយប់ព្រលប់រហូតដល់ប្តីមកចាប់បាន។ កេន្នីណាខ្មាស់ណាខឹងមកដល់ឡានគេ នាងស្រែកជំទាល៖ «ខ្ញុំមិនទៅ!នាំខ្ញុំទៅណា?អ្នកណាថាខ្ញុំត្រូវទៅជាមួយលោក?»
សេនីសម្លឹងសកម្មភាពដែលនាងមិនធ្លាប់ហ៊ានធ្វើមកលើគេពីមុនមក។ គេមិនដឹងទេថាភាពងប់ងល់នឹងតណ្ហារបស់គេបានធ្វើអោយនាងខូចចិត្តហើយជាតិស្រវឹងកំពុងធ្វើអោយនាងគ្រប់គ្រងទោសៈមិនបាន។គេខាំមាត់និយាយ៖ «គ្រាន់បើម៉េះ?មានសាហាយហើយនៅអូសក្រឡាទៀត?ម៉េចប្រុសម្នាក់វាមិនឆ្អែត?» សម្តីគេប្រមាថនាងផ្តួនៗធ្វើអោយកេន្នីក្តៅឆេវយារដៃពន្លែងមួយកំផ្លៀងតម្រង់មាត់គេ។ ទឹកមុខគេគឃ្លើនមកវិញបង្ហាញថាបើនាងទៅជាមួយគេនាងនឹងខ្ទេចឆ្អឹងហើយ ដូច្នេះនាងដកថយ ចេញពីឡានគេ ហើយនិយាយដាច់ណាត់៖ «ដាច់គ្នាទៅសេនី!លឺអត់?ដាច់គ្នា!»
នាងសម្លឹងគេមុតដល់បេះដូងហើយស្រក់ទឹកភ្នែកមកច្រោក ជាកិច្ចតបស្នងភាពភ្លឹកស្មារតីរបស់គេ។ ជាលើកទីមួយក្នុងជីវិតដែលសេនីត្រូវស្រីសុំបែក។ «ថាម៉េច!?» សេនី ភ្លាត់មាត់តិចៗទំាងជ្រួញចិញ្ចើមចូលគ្នា។ កេន្នី ងក់ក្បាលញាប់ស្មេរទាំងយំសស្រាក់៖ «ហ្នឹងហើយ!ស្តាប់អត់ច្រលំទេ!បែកគ្នា!ខ្ញុំសុំបែកលោក!យើងគ្មានអីពាក់ព័ន្ធគ្នាទេចាប់ពីយប់នេះទៅ!លឺនៅ?ប៉ុណ្ណឹងបានរឺនៅ?» គេនៅឈរទ្រឹងឯនាងខាំមាត់ឈ្ងោកដោះស្បែកជើងកម្រាស់ពីតឹកនោះហើយយួររត់ចេញទៅរកឡាននាងព្រោះបើពាក់ស្បែកជើងកែងនេះគឺរត់មិនទាន់ជំហ៊ានប្រុសម្នាក់នេះទេ។
សេនីនៅផ្អែកខ្នងនឹងឡាន។ គេសម្លឹងដំណើរនាងពីក្រោយរហូតដល់នាងចេញបាត់ទើបឡើងឡានបិទទ្វារគ្រាំងជិះចាកចេញដែរ។
ទស្សនា Trailer រឿង "មន្តស្នេហ៍លេខា" ដែលត្រៀមបញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN ក្នុងពេលឆាប់ៗ