
- 2017-05-04 01:35:04
- ព័ត៌មាន
ក្រសួងវប្បធម៌ឆ្លើយតបវិញ ក្រោយ ក្រសួងព័ត៌មាន សុំភស្តុតាងករណីបញ្ឈប់ ដេនី ក្វាន់ លែងឲ្យឡើងទូរទស្សន៍
- 2017-05-04 01:35:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងវប្បធម៌ឆ្លើយតបវិញ ក្រោយ ក្រសួងព័ត៌មាន សុំភស្តុតាងករណីបញ្ឈប់ ដេនី ក្វាន់ លែងឲ្យឡើងទូរទស្សន៍
ចន្លោះមិនឃើញ
ព្រឹកមិញនេះ ឯកឧត្ដម ខៀវ កាញារីទ្ធ បានបង្ហោះសារ និងលិខិតមួយទាក់ទងនឹងបញ្ហារបស់ ដេនី ក្វាន់ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើសុំឲ្យឈប់ឡើងគ្រប់កម្មវិធីទូរទស្សន៍រយៈពេល១ឆ្នាំ ដោយសុំបង្ហាញភស្តុតាងច្បាស់ជាងនេះ ហើយឥឡូវក្រសួងវប្បធម៌ឆ្លើយតបវិញ។
ឯកឧត្ដម ថៃ នរសត្យា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឆ្លើយតបជាមួយ Sabay ដោយខ្លីថា ខាងក្រសួងវប្បធម៌ មិនមានភស្តុតាងអ្វីបន្ថែមទៀតជូនទៅដល់ក្រសួងព័ត៌មាននោះទេ ព្រោះភស្តុតាងបានបញ្ជូន និងចារលើលិខិតរួចរាល់ហើយ។
ការឆ្លើយតបដូច្នេះ បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចបញ្ឈប់រាល់សកម្មភាពសិល្បៈរបស់តារាសម្ដែង ដេនី ក្វាន់ និងបានផ្ញើលិខិតស្នើសុំកិច្ចសហការ ទៅក្រសួងព័ត៌មាន ដែលមានសមត្ថកិច្ចខាងសោតទស្សន៍។ ប៉ុន្តែ ត្រូវក្រសួងព័ត៌មាន ដែលឯកឧត្តម ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រី បានស្នើឲ្យបង្ហាញភស្តុតាងច្បាស់លាស់ និងមានទម្ងន់សិន មុននឹងសម្រេចដាក់ទោសនាង។
សំណើបកទៅក្រសួងវប្បធម៌នេះ ឯកឧត្ដម ខៀវ កាញារីទ្ធ បានធ្វើឡើងតាមរយៈសារខ្លីនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា "ខ្ញុំមិនដែលស្គាល់នាងទេ ហើយក៏មិនឈឺក្បាលរឿងនាងស្លៀកពាក់នៅក្រៅឆាកដែរ តែការហាមឃាត់ការសំដែងរបស់នាងត្រូវមានភស្តុតាងច្បាស់លាស់ (ក្រោយការណែនាំហើយ)”។
បន្ថែមពីលើនេះ នៅក្នុងកំណត់ហេតុរបស់ក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បានសរសេរចោទជាសំណួរបន្តទៀតថា "តើរឿងណាខ្លះ និងសកម្មភាពអ្វីខ្លះ ដែលនាងបានរំលោភ ពីការណែនាំរបស់ក្រសួងវប្បធម៌?”។
ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ថៃ នរសត្យា ប្រាប់ថា មិនមានភស្តុតាងបន្ថែមដែលត្រូវបង្ហាញជូនទៀតទេ។ “អត់មានទេ គ្រប់ភស្តុតាងក្រសួងព័ត៌មានបានចារនៅលើលិខិតដែលបានដាក់ទៅហ្នឹងអស់ហើយ។ គ្រាន់តែសុំកិច្ចសហការខាងក្រសួងមានសមត្ថកិច្ចផ្នែកសោតទស្សន៍ ទៅលើករណីនេះប៉ុណ្ណោះ។"
ឯកឧត្តម សង្កត់ធ្ងន់ទៀតថា "សម្រាប់ករណី ដេនី ក្វាន់ ពេលនេះនាងមិនអាចធ្វើសកម្មភាពសិល្បៈអ្វីបានទាំងអស់ ព្រោះសេចក្ដីសម្រេចរបស់ក្រសួងចេញរួចរាល់ហើយ"៕