
- 2017-08-03 00:53:04
- ភាពយន្ត
នឹកស្មានមិនដល់! ហេតុការណ៍ចម្លែកកើតលើតួអង្គហ្លួងព្រះស្ដេចកន
- 2017-08-03 00:53:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នឹកស្មានមិនដល់! ហេតុការណ៍ចម្លែកកើតលើតួអង្គហ្លួងព្រះស្ដេចកន
ចន្លោះមិនឃើញ
នៅព្រឹកមិញនេះទូរទស្សន៍ PNN បានធ្វើសន្និសីទសារព័ត៌មាន ខ្សែភាពយន្តប្រវត្តិសាស្ត្រខ្មែររឿង "ហ្លួងព្រះស្ដេចកន" នៅស្ថានីយទូរទស្សន៍PNN។ ក្នុងកម្មវិធីនេះដែរលោក រស់ សោភ័ណ ដែលជាតួអង្គស្ដេចកនបានលើកឡើងថា ខ្លួនបានសុបិនឃើញស្ដេចកនមកលេង ព្រមទាំងបបួលទទួលទានអាហារជាមួយគ្នា។
តួអង្គហ្លួងព្រះស្ដេចកនរូបនេះបន្ថែមថា៖"ខ្ញុំមានការណ៍មួយចម្លែកក្រោយពេលថតរឿង "ហ្លួងព្រះស្ដេចកន" ព្រោះខ្ញុំបានយល់សប្ដិឃើញ ស្ដេចកនបានមកបបួលខ្ញុំញ៉ាំបាយជុំគ្នា និងដើរលេងជុំវិញផ្ទះ។ រឿងនេះនិយាយទៅមិនគួរឲ្យជឿ ខ្ញុំមិនដែលស្គាល់គាត់ថាមានមុខមាត់យ៉ាងម៉េចផង បែរជាយល់សប្ដិឃើញគាត់ ខ្ញុំអត់សូវចំណាំមុខគាត់ទេ តែបើកម្ពស់ខ្ញុំចាំគាត់មានរាងខ្ពស់ ហើយមាឌក្រអាញ"។
សន្និសីទសារព័ត៌មាននេះដែរឯកឧត្ដម ម៉ៅ អាយុទ្ធ ដែលជាផលិតករ និងជាអ្នកដឹកនាំរឿង "ហ្លួងព្រះស្ដេចកន" បានសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យ គួរតែទៅទស្សនាខ្សែភាពយន្តរឿង "ហ្លួងព្រះស្ដេចកន" ដែលជាភាពយន្តប្រវត្តិសាស្ត្ររបស់ខ្មែរ។ ឯកឧត្ដមក៏បានបញ្ជាក់ដែរថា ការចូលរួមទស្សនាពីបងប្អូនប្រជាពលរដ្ឋខ្មែរ ជាផ្នែកមួយមួយជួយលើកស្ទួយភាពយន្តខ្មែរឲ្យកាន់តែល្បីល្បាញ និងជាការលើកទឹកចិត្តដល់ផលិតករខ្មែរ ក្នុងការផលិតរឿងឲ្យកាន់តែល្អថែមទៀត។
“ខ្ញុំសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន បន្ទាប់ពីចាក់បញ្ចាំងនៅតាមបណ្ដារោងភាពយន្តនានា ដោយសារតែខ្សែភាពយន្តនេះបង្ហាញពីប្រវត្តិសាស្ត្រខ្មែរយើង ព្រមទាំងបានចំណាយទុនដល់លានដុល្លារ។ បើតាមការស្ទាបស្ទង់ បន្ទាប់ពីចាក់បញ្ចាំងឈុតឆាកខ្លីៗនៅលើកញ្ចក់ទូរទស្សន៍ PNN និងហ្វេសប៊ុក មកឃើញថា មានប្រិយមិត្តជាច្រើនបានបង្ហាញនូវភាពសប្បាយរីករាយ និងទន្ទឹងរង់ចាំទស្សនា"។ នេះបើតាមឯកឧត្ដមមានប្រសាសន៍។
គួរបញ្ជាក់ថា រឿង "ហ្លួងព្រះស្ដេចកន" ចូលរួមសម្ដែងដោយ ទេព រិនដារ៉ូ ស៊ិន សក្កដា រស់ សោភ័ណ ឆុំ វត្តី ហេង ប៊ុនលាភ ឌី សាវ៉េត ជា សំនៀង សុខ ដែន ព្រមទាំងតារាប្រុសស្រីជាច្រើនរូបទៀត។ រឿងនេះគ្រោងនឹងចាក់បញ្ចាំងនៅតាមរោងភាពយន្តទំនើបៗក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៧ ទាំងរោងភាពយន្តនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕