
- 2017-09-20 17:50:00
- ព័ត៌មាន
មកស្គាល់ព្រឹទ្ធាចារ្យចាប៉ីដងវែងវ័យជាង៧០ឆ្នាំ ៥រូប មកពីខេត្តផ្សេងគ្នា
- 2017-09-20 17:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ព្រឹទ្ធាចារ្យចាប៉ីដងវែងវ័យជាង៧០ឆ្នាំ ៥រូប មកពីខេត្តផ្សេងគ្នា
ចន្លោះមិនឃើញ
កម្មវិធី "ជំនុំព្រឹទ្ធាចារ្យចាប៉ីដងវែង" កាលពីចុងសប្តាហ៍កន្លងទៅ បានអញ្ជើញព្រឹទ្ធាចារ្យចាប៉ីដងវែង មកពី៥ខេត្តផ្សេងៗគ្នា និងមានវ័យច្រើនជាង៧០ឆ្នាំ មកជួបជុំគ្នាដើម្បីសម្ដែងចាប៉ី និងផ្ដល់ជាដំបូន្មានដល់សិល្បករចាប៉ីជំនាន់ក្រោយ។
អ្នករៀបចំកម្មវិធី "ជំនុំព្រឹទ្ធាចារ្យចាប៉ីដងវែង" លោក ពិជ សារ៉ាត បានឱ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចង់ឱ្យព្រឹទ្ធាចារ្យនៅខេត្តផ្សេងៗបានមកជួបជុំគ្នា ព្រមទាំងបានផ្លាស់ប្ដូរបទពិសោធន៍ និងយោបល់គ្នាទៅវិញទៅមកផង។ ស្ថាបនិកសហគមន៍ចាប៉ីអមតៈរូបនេះ បញ្ជាក់ថា កម្មវិធីនេះមិនត្រឹមតែចង់បង្ហាញមុខព្រឹទ្ធាចារ្យទាំង៥រូបឱ្យគេបានស្គាល់ប៉ុណ្ណោះ តែថែមទាំងចង់ឱ្យសិស្សចាប៉ីជំនាន់ក្រោយៗ បានទទួលយកបទពិសោធន៍ថ្មីៗ និងដំបូន្មានពីចាស់ព្រឹទ្ធាចារ្យមុនៗផង។
ព្រឹទ្ធាចារ្យទាំង៥រូបមកពីខេត្តទាំង៥ មានវ័យចំណាស់ និងនៅតែអាចលេងចាប៉ីបានដល់សព្វថ្ងៃមាន៖
១. លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វ័យ៧២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត បានក្លាយជាសិល្បករចាប៉ីតាំងពីអាយុ១៥ឆ្នាំ។ ក្នុងចំណោមបងប្អូន១០នាក់ លោកជាកូនទី៥ ហើយក៏ជាកូនតែម្នាក់គត់ដែលកាត់តាមឪពុក មាននិស្ស័យខាងសិល្បៈ។
សិល្បករចាប៉ីដ៏ល្បីល្បាញរូបនេះ ធ្លាប់ធ្វើការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់ពីចូលនិវត្តន៍ លោកត្រលប់ទៅស្រុកកំណើត និងនៅច្រៀងចាប៉ីដងវែងរហូតសព្វថ្ងៃ។ សិល្បករចំណាស់រូបនេះបានទៅសម្ដែងទម្រង់ចាប៉ីដងវែងនៅក្រៅប្រទេសចំនួន១៥ប្រទេសរួចមកហើយ ថ្មីៗនេះលោកទួលបានពានរង្វាន់សិល្បៈវប្បធម៌ហ្វុកុអូកា នៃប្រទេសជប៉ុន។
២. ព្រឹទ្ធាចារ្យ អ៊ិន សារុន មកពីខេត្តស្វាយរៀង មានវ័យ៧៤ឆ្នាំ។ កាលពីសម័យសង្គមរាស្ត្រនិយមលោកព្រឹទ្ធាចារ្យប្រឡងចាប៉ីថ្នាក់ជាតិជាប់លេខ២ និងជំនាន់ក្រោយមកទៀតក្នុងកម្មវិធីដដែលប្រឡងជាប់លេខ១។ បច្ចុប្បន្នលោកនៅតែច្រៀងចាប៉ីជារឿយៗ នៅតាមពិធីបុណ្យមួយចំនួននៅក្នុងភូមិ។
កូនសិស្សលោកតាពូថៅដៃរូបនេះ បានរៀនចាប៉ីតាំងពីឆ្នាំ១៩៦០។ លោកមានបងប្អូន៦នាក់ និងជាកូនទី៥ក្នុងគ្រួសារ ក្រៅពីច្រៀងចាប៉ីលោកចេះច្រៀងអាយ៉ៃផងដែរ។
៣. ព្រឹទ្ធាចារ្យ ង៉ាំ ងូ មកពីខេត្តកំពង់ចាម មានវ័យ៧២ឆ្នាំ ចូលរៀនចាប៉ីតាំងពីអាយុ៧ឆ្នាំ ដល់អាយុ១៣ឆ្នាំ អាចច្រៀងចាប៉ីបាន។ បច្ចុប្បន្នសិល្បករវ័យចំណាស់ដែលមានបងប្អូន៥នាក់ និងជាកូនទី៣ ក្នុងគ្រួសាររូបនេះ នៅលេងភ្លេងប្រពៃណី និងច្រៀងចាប៉ីខ្លះៗដែរ។
៤.ព្រឹទ្ធាចារ្យ សុវណ្ណ ហុង មកពីខេត្តតាកែវ វ័យ ៧៥ លោកមាននិស្ស័យខាងចាប៉ីតាំងពីក្មេង តែដោយសារសម័យសង្គ្រាមទើបត្រូវពន្យារពេលរៀន បន្ទាប់ពីបែកសង្គ្រាមលោកចូលរៀនចាប៉ីជាប់លាប់ក្នុងអំឡុងឆ្នាំ១៩៨០។ មកដល់បច្ចុប្បន្នលោកច្រៀងចាប៉ីម្ដងម្កាល ព្រោះមិនសូវមានអ្នកហៅ។ ក្រៅពីច្រៀងចាប៉ី លោកតាអាចច្រៀងអាយ៉ៃ បានផងដែរ។
៥. ព្រឹទ្ធាចារ្យ ឯល យិន មកពីខេត្តព្រៃវែង មានវ័យ៦០ឆ្នាំ ចូលរៀនចាប៉ីក្នុងអំឡុងអាយុ៣០ឆ្នាំ ក្រៅពីចាប៉ី លោកអាចលេងភ្លេងសម័យបានច្រើនប្រភេទ។ លោកបង្ហាត់កូនសិស្ស៣នាក់នៅផ្ទះ ហើយចេញច្រៀងចាប៉ីម្តងម្កាលដែរ។ ព្រឹទ្ធាចារ្យជាកូនទី២ ក្នុងចំណោមបងប្អូនដល់ទៅ៩នាក់ ក្នុងនោះមានតែលោកម្នាក់គត់ដែលមាននិស្ស័យខាងសិល្បៈ។
ព្រឹទ្ធាចារ្យទាំង៥រូបបានផ្ដាំផ្ញើទៅកាន់យុវវ័យជំនាន់ក្រោយស្រដៀងៗគ្នាថា សូមកូនខ្មែរទាំងអស់ថែរក្សានិងគាំទ្រទម្រង់សិល្បៈចាប៉ីឱ្យបានគ្រប់ៗគ្នា។ លោកបានបញ្ញាក់ថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន មិនមែនគ្រាន់តែសូត្រឱ្យតែរួចពីមាត់ទេ។
ក្រៅពីការសម្ដែងចាប៉ីដងវែងពីចាស់ព្រឹទ្ធាចារ្យទាំង៥រូបកម្មវិធី "ជំនុំព្រឹទ្ធាចារ្យចាប៉ីដងវែង" ក៏មានការសម្ដែងនិងច្រៀងចាប៉ីឆ្លើយឆ្លង២០ដើម ផ្សេងទៀតពីសិស្សជំនាន់ក្រោយៗផងដែរ៕