
- 2017-09-25 16:15:00
- ព័ត៌មាន
បង្ហាញមុខកូនខ្មែរ៣រូប ទទួលបានពានហ្វុកុអូកា ពីប្រទេសជប៉ុន
- 2017-09-25 16:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខកូនខ្មែរ៣រូប ទទួលបានពានហ្វុកុអូកា ពីប្រទេសជប៉ុន
ចន្លោះមិនឃើញ
កាលពីខែកញ្ញា ឆ្នាំ២០១៧ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលពានរង្វាន់ ហ្វុកុអូកា ពីប្រទេសជប៉ុន ក្នុងផ្នែកសិល្បៈវប្បធម៌ នេះជាកិត្តិយសដ៏ធំបន្ទាប់ពីព្រឹទ្ធាចារ្យពីររូបទៀត ដែលបានទទួលពានរង្វាន់នៅប្រទេសដដែលនេះ។
ឯកឧត្ដម ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការទទួលបានពានរង្វាន់របស់ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាជោគជ័យដ៏ធំបន្ទាប់ពីចាប៉ីដងវែង បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការ យូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។
“លោកតា គង់ ណៃ លោកបានទទួលពានពីប្រទេសជប៉ុន នេះជាជោគជ័យនិងជាកិត្តិយសដ៏ធំមួយសម្រាប់វប្បធម៌ខ្មែរ ហើយមុននេះទៀតមានព្រឹទ្ធាចារ្យ និងសាស្ត្រាចារ្យពីររូបទៀតដែលបានទទួលពានធំពីប្រទេសនេះដែរ។ ខ្ញុំសូមកោតសរសើរពីការខិតខំប្រឹងប្រែងនេះ សិល្បៈចាប៉ីនេះ គឺជាសិល្បៈដែលកម្រមានអ្នកចេះណាស់ ដូចនេះការទទួលបានពានរង្វាន់នេះ គឺជាមោទនភាពណាស់សម្រាប់ជនជាតិខ្មែរ"។
ព្រឹទ្ធាចារ្យខ្មែរទាំង៣រូប ដែលទទួលបានពាន ហ្វុកុអូកា ពីប្រទេសជប៉ុន រួមមាន៖
១. លោកព្រឹទ្ធាចារ្យ ឆេង ផុន ជាកូនខ្មែរទី១ ដែលទទួលបានពានរង្វាន់ធំ នៅឆ្នាំ១៩៩៧ រួមនិងទឹកប្រាក់អមចំនួន ៥ លានយេន ប្រហែលប្រមាណ ៥ម៉ឺន ដុល្លារអាមេរិក និងមេដាយ១។ លោកព្រឹទ្ធាចារ្យគឹជាស្ថាបនិកមួយរូបដែលបានជួយសង្គ្រោះសិល្បៈស្ទើរគ្រប់ទម្រង់ឲ្យរស់ឡើងវិញក្រោយរបបខ្មែរក្រហម។ ស្នាដៃរបស់លោកត្រូវបានអ្នកសិក្សាស្រាវជ្រាវផ្នែកវប្បធម៌ អរិយធម៌ ចាត់ទុកជាព្រឹទ្ធាចារ្យដ៏ឆ្នើមក្នុងការអប់រំ បណ្ដុះឆន្ទៈសិល្បករឲ្យស្រឡាញ់សិល្បៈ វប្បធម៌ ដែលជាដួងព្រលឹងរបស់ខ្មែរ។
លោកធ្លាប់មានតួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងព័ត៌មាន ក្នុងទសវត្សរ៍៨០ និងជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដំបូងគេនៅកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៣។ លោកព្រឹទ្ធាចារ្យ ឆេង ផុន បានទទួលមរណភាពនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងវ័យ៨៦ឆ្នាំ ។
២. លោកសាស្ត្រាចារ្យបណ្ឌិត អាំង ជូលាន ជានរវិទូ និងជាកូនខ្មែរទី២ បានទទួលពានរង្វាន់ធំ ក្នុងឆ្នាំ ២០១១ ដោយទទួលបានទឹកប្រាក់អមចំនួន ៥លានយេន ប្រមាណ៥ម៉ឺនដុល្លារអាមេរិក។ លោកសាស្ត្រាចារ្យបណ្ឌិតបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនរវិទ្យាពីប្រទេសបារាំងនៅឆ្នាំ១៩៨២ លោកបានខិតខំព្យាយាម និងពុះពារក្នុងវិជ្ជាជីវៈនរវិទូ ឬអ្នកសិក្សាវិជ្ជាទាក់ទងនឹងការវិវត្តន៍នៃមនុស្ស ហើយលោកក៏ជាសាស្ត្រាចារ្យផ្នែកសិលាចារឹកបុរាណខ្មែរនៅមហាវិទ្យាល័យបុរាណវិទ្យាផងដែរ។
៣. ព្រឹទ្ធាចារ្យ គង់ ណៃ សិល្បករចាប៉ីដងវែង ជាកូនខ្មែរទី៣ ដែលទទួលបានពាននេះ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៧ លោកទទួលបានពានផ្នែកសិល្បៈវប្បធម៌១ និងថវិកាអមចំនួន ៣ លានយេន ប្រហែល៣ម៉ឺនដុល្លារអាមេរិក រួមនិងមេដាយ១។ ពានរង្វាន់ដែលព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ទទួលបានពានពីប្រទេសជប៉ុនក្នុងនាមជាបុគ្គលដែលមានស្នាដៃឆ្នើមនៅតំបន់អាស៊ីពាក់ព័ន្ធផ្នែកអប់រំសិល្បៈវប្បធម៌។
ពានរង្វាន់ ហ្វុកុអូកា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ក្នុងគោលបំណងផ្ដល់កិត្តិយសដល់បុគ្គល ក្រុម ឬស្ថាប័នដែលមានស្នាដៃលេចធ្លោ ក្នុងការថែរក្សា និងបង្កើតវប្បធម៌អាស៊ីមួយប្រកបដោយលក្ខណៈពិសេស និងជំរុញឱ្យមានការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក និងលើកកម្ពស់ការយល់ដឹងពីតម្លៃវប្បធម៌អាស៊ី។
ពានរង្វាន់ហ្វុកុអូកា នៃប្រទេសជប៉ុនមាន៣ ផ្នែក ទី១គឺពានរង្វាន់ធំ ទី២ពានរង្វាន់ផ្នែកការសិក្សាអប់រំ និងទី៣ពានរង្វាន់ផ្នែកសិល្បៈវប្បធម៌៕