
- 2017-11-17 00:17:32
- ព័ត៌មាន
ចង់ឱ្យពូកែគិត អាចទៅមើលរបាំមួយនេះ
- 2017-11-17 00:17:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឱ្យពូកែគិត អាចទៅមើលរបាំមួយនេះ
ចន្លោះមិនឃើញ
ជាទូទៅរបាំសហសម័យអាចជួយឱ្យមនុស្សហ្វឹកហាត់ខួរក្បាលខ្លួនបាន ប្រសិនបើពួកគេព្យាយាមតាមដានគ្រប់កាយវិការរបាំ និងព្យាយាមបង្កើតគំនិតដាក់លើរូបភាពដែលខ្លួនបានឃើញ។ វាជាការហ្វឹកហាត់ខួរក្បាលឱ្យមានការគិតវិភាគបានដោយមិនដឹងខ្លួន។
នាយិកាសិល្បៈនៃអង្គការអម្រឹតាសិល្បៈកញ្ញា ជ័យ ច័ន្ទកិត្យា បានប្រាប់ Sabay ថា របាំសហសម័យជាប្រភេទរបាំស្រមើលស្រមៃខ្ពស់ ពេលខ្លះអ្នកមើលអាចមិនយល់ថា សិល្បករកំពុងតែរាំនោះចង់និយាយពីអ្វីផង ប្រសិនបើគេមិនបានព្យាយាមស្រមើលស្រមៃតាមដានកាយវិការបស់សិល្បករ។
ជាក់ស្ដែង កាលពីយប់មិញនេះមានការសម្ដែងរបាំសហសម័យមួយឈ្មោះថា Cross transit របាំនេះនិយាយអំពីការចងចាំរបស់យុវជនខ្មែរមួយរូប ពីជីវភាពរស់នៅរបស់ម្ដាយឪពុកខ្លួនកាលពីមុនសម័យសង្គ្រាម ក្នុងសង្គ្រាម និងក្រោយសង្គ្រាម ដែលដំណាលប្រាប់ពីម្ដាយឪពុករបស់ខ្លួន។ របាំនេះបង្ហាញពីភាពមិនច្បាស់លាស់នៃច្បាប់ធម្មជាតិ ដែលកើតរលត់ៗ ផ្សារភ្ជាប់ក្នុងសង្គមមនុស្ស។ កញ្ញាបញ្ជាក់ថា របាំនេះបើអ្នកមើលមិនបានគិតនោះច្បាស់ជាមិនយល់ ថាចង់បានន័យយ៉ាងណានោះឡើយ តែអ្នកសិល្បៈក៏មិនអាចទៅប្រាប់គេឱ្យត្រូវតែគិតបែបនេះបែបនោះបានដែរ។
កញ្ញា ជ័យ ច័ន្ទកិត្យា (រូបស្តាំដៃ)
“មិនប្រាកដថាឱ្យតែកាយវិការសុទ្ធតែមានន័យនោះឡើយ តែយើងជាអ្នកសិល្បៈមិនអាចទៅប្រាប់គេថា កាយវិការបែបនេះបែបនោះ មានន័យយ៉ាងនេះយ៉ាងនោះឡើយ គឺយើងទុកឱ្យគាត់ស្វែងយល់ខ្លួនឯង។ នៅពេលដែលគាត់មើល គាត់ប្រាកដជាឆ្ងល់ថា តើវាមានមានន័យយ៉ាងណា ហើយគាត់ប្រាកដជាព្យាយាមគិតថា ប្រហែលបែបនេះបែបនោះ នេះហើយជាការហ្វឹកហាត់ខួរក្បាល ហើយវាជាទំនាក់ទំនងរវាងសិល្បៈ និងមនុស្ស”។
ដូចគ្នានេះដែរ លោក កង ឬទ្ធីសាល នាយកប្រតិបត្តិ នៃអង្គការអម្រឹតាសិល្បៈ បានឱ្យដឹងថា ក្នុងរបាំនេះក៏បង្ហាញអំពីភាពមិនច្បាស់លាស់មួយ សំដៅទៅលើជីវិតមនុស្សរស់នៅប្រចាំថ្ងៃ។ មានមនុស្សច្រើនណាស់ដែលរស់ក្នុងភាពមិនច្បាស់លាស់ ក្នុងមួយនាទីគិតទៅដល់រឿងរាប់ភ្លេច តែមិនច្បាស់ថារឿងណាមួយ ប៉ុន្តែពួកគេអាចរស់នៅជាមួយវាបាន និងអាចស្វែងរករឿងដែលច្បាស់លាស់មួយបាន។
លោកថា របាំនេះបើអ្នកមើលមិនបានគិតប្រៀបធៀបទៅក្នុងតថភាពសង្គមទេ នោះបានត្រឹមតែឃើញបន្តិចរត់ទៅនេះ បន្តិចរត់ទៅនោះ សរុបទៅមិនយល់ថាមានន័យថាយ៉ាងណា។ លោកបញ្ជាក់ថា របាំនេះបើគិតនៅប្រទេសអភិវឌ្ឍន៍មួយចំនួន គេចំណាយប្រាក់រាប់សិប ទៅរាប់រយដុល្លារដើម្បីបានចូលទៅមើលការសម្ដែង ព្រោះគេជឿថារបាំនេះបានផ្ដល់ចំណេះឱ្យគេយ៉ាងច្រើន។
របាំសហសម័យ Cross transit បានសម្ដែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពកាលពីយប់មិញ។ ស្នាដៃនេះដំឡើងដោយជនជាតិជប៉ុនឈ្មោះ Akiko Kitamura និងលោក គីម ហាក់ ជាអ្នកថតរូបជនជាតិខ្មែរ និងរួមសហការជាមួយអម្រឹតាសិល្បៈ រីឯសិល្បករសម្ដែងខ្មែរមាន២នាក់ និងជប៉ុនមាន៥នាក់។ របាំនេះសម្ដែងរយៈពេល២ថ្ងៃ គឺថ្ងៃ ១៦ និង ១៧ ខែវិច្ឆិកានេះ នៅទីតាំងដូចគ្នា។ នេះជាលើកទី៣ហើយដែលអង្គការអម្រឹតាសិល្បៈបានសហការជាមួយក្រុមសិល្បៈមកពីប្រទេសជប៉ុនដើម្បីបង្កើនទំនាក់ទំនងផ្នែកសិល្បៈរវាងប្រទេសទាំងពីរ៕
រូបភាព៖ ផ្តល់ដោយ Srey Kumneth
ចុចអាន៖
ឡួយ! សិល្បករ៩ផ្នែក រួមគ្នាសម្ដែងរបាំសហសម័យថ្មីមួយ ឲ្យមើល Free
ស្នាដៃរបាំសហសម័យអង្គការអម្រឹតាសិល្បៈចំនួន ២ ដាក់បង្ហាញល្ងាចមិញ