• 2017-12-12 21:54:10
  • ភាពយន្ត

រឿងបែបមន្តអាគមទេ តែផ្តល់សារអប់រំឡើងអេម

  • 2017-12-12 21:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បើអ្នកដាំដើមអី រមែងទទួលបានផ្លែហ្នឹង» ជាសារអប់រំរបស់រឿងភាគថ្មី «ផ្ទះគ្រូទាយ» ដែលនឹងមានចាក់ផ្សាយលើកម្មវិធីទូរស័ព្ទ Soyo ក្នុងពេលឆាប់ៗនេះ។ សាច់រឿងបែបភ័យរន្ធត់ មន្តអាគមនេះ ប្រែក្លាយពីប្រលោមលោកដ៏មានប្រជាប្រិយភាពរបស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលប្រើនាម ពេជ្រ បណ្ឌិត។

តួគ្រូទាយ

រឿង «ផ្ទះគ្រូទាយ» ដំណើរពីគ្រូមេមត់​ដែល​ល្មោភ​លាភ​ សុខ​ចិត្ត​ធ្វើ​អំពើ​បាប​តាម​ផ្លូវ​វិជ្ជា​ងងឹត បណ្តាលឱ្យអ្នកស្រុកមានការក្តៅក្រហាយ ដោយសារអំពើឆ្គួតលីលាប្តូរការស្លាប់រស់របស់មនុស្សធម្មតា តាមវិជ្ជាធ្មប់ ចុងក្រោយអំពើនោះក៏ត្រូវលាតត្រដាង ហើយអំពើដ៏ស្មោគគ្រោកនោះក៏សងឱ្យរូបគ្រូទាយនោះវិញយ៉ាងវេទនា។

គ្រូទាយ និងតួប្រពន្ធ ក្នុងរឿង ផ្ទះគ្រូទាយ

តាមរយៈអ្នកនិពន្ធ ម៉ីសន សុធារី បានឲ្យដឹងថា រឿងនេះតាំងពីផ្តើមសាច់រឿងបញ្ជូលសុទ្ធតែទស្សនៈអប់រំ និងបញ្ហាខ្លះៗក្នុងសង្គម ដូចជាការជឿជំនឿមិនពិត និងការប្រើប្រាស់ជំនឿអរូបិយដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ហើយលទ្ធផលចុងក្រោយគ្រូទាយអស់ស្នៀត និងត្រូវរងទោសនូវអ្វីដែលខ្លួនបានធ្វើ។ «ថ្វីជារឿងបែបមន្តអាគមអូមអាម តែយើងមិន ភ្លេចបញ្ចូលនូវសារអប់រំខ្លះ ដាស់ស្មារតីកុំឲ្យមនុស្សធ្វើ​អំពើ​បាប​តាម​ផ្លូវ​វិជ្ជា​ងងឹត» អ្នកនិពន្ធ បញ្ជាក់។

អ្នកនិពន្ធ ម៉ីសន សុធារី

លោក ឃុំ សុធារ៉ា អ្នកដឹកនាំរឿងភាគថ្មីនេះ បានប្រាប់ Sabay ឱ្យដឹងថា រឿងនេះជារឿងបែបមន្តអាគម ដូច្នេះ មានឆាកព្រឺព្រួចច្រើន តម្រូវឲ្យលោក និងក្រុមការងារធ្វើការដោយប្រុងប្រយ័ត្ន និងសម្រិតសម្រាំងបំផុតក្នុងការជ្រើសរើសទីតាំង តួអង្គ និងបច្ចកទេស។

លោក ឃុំ សុធារ៉ា

វីដេអូ​ភាគ​រឿង​ «ផ្ទះ​គ្រូ​ទាយ» ត្រូវ​បាន​ Studio4 ថត​ចប់​រួចរាល់ ហើយបច្ចុប្បន្នកំពុងតែកាត់ត ត្រៀមនឹងដាក់ឲ្យទស្សនានៅលើ Soyo ក្នុងពេលឆាប់ៗនេះ។

ចុចអាន

-ជក់ចិត្ត ត្រឹម១០សន្លឹកក្រៅឆាករឿង «ផ្ទះគ្រូទាយ»

-ឱកាសពិសេស! រៀនសរសេរអត្ថបទភាពយន្ត ដោយឥតគិតថ្លៃ

-គាស់កកាយ សិល្បៈតម្បាញសូត្រមកបង្ហាញឡើងវិញ ដើម្បីលើកកម្ពស់ស្ត្រីនៅតំបន់ប្រាសាទបន្ទាយឆ្មា

អត្ថបទ៖ Sunny

មតិយោបល់