
- 2019-01-25 01:30:00
- ព័ត៌មាន
គ្រួសារ នឹងដឹកសពខេមរៈ ស្រីពៅ ពីឥណ្ឌាមកបូជា នៅប្រទេសកំណើត
- 2019-01-25 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រួសារ នឹងដឹកសពខេមរៈ ស្រីពៅ ពីឥណ្ឌាមកបូជា នៅប្រទេសកំណើត
ចន្លោះមិនឃើញ
មរណភាពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ នៅថ្ងៃនេះបានធ្វើឲ្យមហាជនមានការក្តុកក្តួលយ៉ាងខ្លាំង ។ ម្ចាស់បទ "ជួបស្នេហ៍ក្នុងពេលខូចចិត្ត" បានបាត់បង់ជីវិតនៅប្រទេសឥណ្ឌា បន្ទាប់ពីក្រុមគ្រួសារសម្រេចដឹកយកទៅព្យាបាលនៅទីនោះ ។
បើតាមភរិយារបស់ លោក ខេមរៈភារុណ បានប្រាប់ថា សពរបស់ប្អូនថ្លៃខ្លួនពេលនេះនៅប្រទេសឥណ្ឌានៅឡើយ តែពេលនេះក្រុមគ្រួសារកំពុងរៀបចំដឹកយកមកប្រទេសកំណើត។ ដោយសារតែគ្រួសារ កំពុងជួបទុក្ខជាទម្ងន់ អ្នកស្រីមិនបានផ្ដល់ការអធិប្បាយអ្វីបន្ថែមពីរឿងនេះទេ។ តែបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក បានចុះថា គ្រួសាររបស់ខេមរៈ ស្រីពៅ ដំបូងសម្រេចបូជាសពនៅវត្តសំរោងអណ្ដែត តែពេលនេះប្រហែលអាចមានការប្រែប្រួលដោយបូជាសពនៅខេត្តកំពង់ចាមវិញ ព្រោះជាស្រុកកំណើតរបស់តារាកម្សត់រូបនេះផ្ទាល់។
ចំពោះមូលហេតុនៃការស្លាប់របស់ប្អូនបង្កើតរបស់លោក ខេមរៈ សិរីមន្ត បើតាមសារព័ត៌មាន Fresh News បញ្ជាក់ថា តាម ការ ពិត ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោលគឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ។
គួររម្លឹកថា កាលពីប៉ុន្មានឆ្នាំមុន មានដំណឹងលិចលឺថា កញ្ញា ខេមរៈ ស្រីពៅ បានប្រើផលិតផលធ្វើឲ្យស្បែក ស បណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរដល់ស្បែកយ៉ាងខ្លាំង រហូតត្រូវសម្រាកលើស្លឹកចេកថែមទៀត។