• 2016-07-06 14:45:21
  • ព័ត៌មាន
រឿង​ថ្មី​​​របស់​ អម្ពរ ទេវី សម្ដែង ក្រុងពាលី​​ព្រឹក​មិញ​​ រឿង​ថ្មី​​​របស់​ អម្ពរ ទេវី សម្ដែង ក្រុងពាលី​​ព្រឹក​មិញ​​
  • 2016-07-06 14:45:21
  • ព័ត៌មាន

ខ្សែ​ភាពយន្ត​ដែល​ជា​ស្នា​ដៃ​ដឹក​នាំ​ថ្មី​មួយ​ទៀត​របស់​អ្នកស្រី ពាន់ ភួងបុប្ផា ក្នុង​ឆ្នាំ ២០១៦ ដែល​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​​តារា​ល្បី​ៗ​រួម​ទាំង​អ្នកនាង អម្ពរ ទេវី ​នោះ បាន​ចាប់ផ្ដើម​ក្រុងពាលី និង​ចេញ​ថត​ជា​ផ្លូវការ​នៅ​ព្រឹក​មិញ​នេះ​ តែ​សាមី​ខ្លួន​មិន​ទាន់​បាន​មក​​ដល់​ឡើយ។     អ្នកស្រី​ ពាន់ ភួង​បុប្ផា បាន​ឲ្យ​ដឹង​ថា ​ចំពោះ​អ្នក​នាង អម្ពរ ទេវី ​ត្រូវ​មក​ដល់​​កម្ពុជា​នៅ​ថ្ងៃ​ទី ១៤ ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​ទី ១៨ សីហា ទើប​អ្នកនាង​ចេញ​ដំណើរ​ការ​ថត ហើយ​ព្រឹក​នេះ​គ្មាន​វត្តមាន​​អ្នកម្ដាយ​កូន​ពីរនេះ​​នោះ​ទេ។ "គាត់​​ពេល​មក​ថត តែ​ប្លង់​របស់​គាត់​ប៉់ុណ្ណោះ រួច​នឹង​ត្រឡប់​ទៅ​អាមេរិក​​វិញ​ថ្ងៃ ២៧ សីហា។"   អ្នកស្រី ពាន់ ភួងបុប្ផា ក៏​បាន​រៀបរាប់​ពី​សាច់​រឿង "ទឹកចិត្ត​ម្ដាយ​សម័យ​ថ្មី" ​ត្រួស​ៗ​ថា ចង់​បង្ហាញ​ពី​តថភាព​សង្គម​ខ្មែរ​បច្ចុប្បន្ន​រវាង​ម្ដាយ និង​កូន​ៗ ដោយ​តួនាទី​ជា​ម្ដាយ​ទោះ​ ក្នុង​ឋានៈ​ណា តួនាទី​ណា​ក៏​នៅ​តែ​បារម្ភ​ពី​កូន​គ្រប់​ៗ​គ្នា​ដែរ ហើយ​សាច់​រឿង​ទាំង​វគ្គ​មុន និង​វគ្គ​ក្រោយ​នេះ​ គឺ​ចង់​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​កូន​សម័យ​ជាង ១០ ឆ្នាំ​មុន និង​កូន​សម័យ​នេះ​មាន​ភាព​ខុស​គ្នា​អ្វី​ខ្លះ។   ជីដូន​តារា​ចម្រៀង ម៉ានិត បញ្ជាក់​បន្ថែម​ថា​ ក្នុង​សាច់​រឿង​បែងចែក​ជា​បី​វណ្ណៈ​ខុស​គ្នា គឺ​អ្នក​មាន​ខ្លាំង​ ដែល​អ្នកនាង អម្ពរ ទេវី  ជា​តួ​ជំទាវ​ម្ដាយ វណ្ណៈ​មធ្យម​អ្នក​នាង ស៊ឹម សូលីកា ជា​ម្ដាយ ​មាន​តួនាទី​ត្រឹម​ជា​ប្រធាន​អង្គការ និង​ម្ដាយ​ក្រីក្រ ​សម្ដែង​ដោយ​អ្នកនាង ស្វែង សុជាតា ជា​ម្ដាយ ដែល​អ្នក​ទាំង​បី​គឺ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា។     ម្ចាស់​ស្នាដៃ​រឿង "កុមារី ២៥ ឆ្នាំ" ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​រឿង​ថ្មី​នេះ​មាន​ខ្លឹមសារ​អប់រំ​ច្រើន និង​ចង់​បង្ហាញ​ឲ្យ​ម្ដាយ និង​កូន​បច្ចុប្បន្ន​មាន​ការ​យោគយល់ ស្ដាប់​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក។ "ដោយសារ​តែ​សម័យ​បច្ចេកវិជ្ជា​ខ្ពស់ ឬ​ជឿនលឿន​ពេក​ទៅ សម្ភារ​និយម​ពេក​ទៅ ធ្វើឲ្យ​ម្ដាយ​ នឹង​កូន​មាន​គម្លាត​ពី​គ្នា​កាន់តែ​ឆ្ងាយ​ នេះ​ជា​ចំណុច​ដែល​យើង​ចង់​បង្ហាញ​នៅ​ក្នុង​សាច់​រឿង​វគ្គ​នេះ។ ” ចំណែក​សារ​ដែល​ចង់​ផ្ដាំ​ទៅ​ទស្សនិកជន​គឺ "ការ​ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ”។     ពិធី​ក្រុង​ពាលី​រៀបចំ​ឡើង​​នៅ​គេហដ្ឋាន​ផ្ទាល់​របស់​​អ្នក​ដឹក​នាំ​រឿង​ខាង​លើ ក្នុង​សង្កាត់​ព្រែកឯង ​ខណ្ឌ​ច្បារអំពៅ  ដោយ​រឿង​នេះ មាន​ការ​ចូលរួម​សម្ដែង​ពី​សំណាក់​តារា​ស្រី​ជើងចាស់​ប្រុស​ស្រី​ល្បី​ៗ​ដូចជា​អ្នកស្រី ឌី សាវ៉េត អម្ពរ ទេវី ទេព ពរិន្ទដារ៉ូ អ្នក​នាង ស៊ឹម សូលីកា ស្វែង សុជាតា សុខ សោម៉ាវត្តី និង​កញ្ញា ឌុច លីដា ជា​ដើម៕             អត្ថបទ៖ទ្រី រ៉ាវី